ចិនបើកភ្លើងខៀវឱ្យក្រុមហ៊ុនក្នុងស្រុក បញ្ជាទិញបន្ទះឈីប AI ខ្នាតយក្ស H200 ពី Nvidia

18-03-2026 09:46

(បរទេស)៖ អាជ្ញាធរចិន បានផ្តល់ការអនុម័តឱ្យក្រុមហ៊ុនចិនជាច្រើនអាចបញ្ជាទិញបន្ទះឈីប AI ប្រភេទ H200 ពីក្រុមហ៊ុនអាមេរិក Nvidia បាន។ នេះយោងតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ និងត្រូវបានដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

នៅព្រឹកថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅអាមេរិក) លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ាថា ក្រុមហ៊ុនផលិតផលិតផលពាក់កណ្តាលសម្រេច(Semiconductor) មួយនេះ ទទួលបានអាជ្ញាប័ណ្ណសម្រាប់ «អតិថិជនជាច្រើនក្នុងប្រទេសចិន» ក្នុងការលក់បន្ទះឈីប H200 ហើយក៏ទទួលបានការបញ្ជាទិញពីក្រុមហ៊ុនមួយចំនួនរួចហើយដែរ។

ក្រុមហ៊ុន Nvidia បានរង់ចាំអាជ្ញាប័ណ្ណទាំងពីខាងសហរដ្ឋអាមេរិក និងចិនអស់រយៈពេលជាច្រើនខែមកហើយ។ ក្រុមហ៊ុនទទួលបានការអនុម័តខ្លះៗពីសហរដ្ឋអាមេរិក ហើយប្រភពខាងលើបានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនផលិតបន្ទះឈីបនេះ ក៏ទទួលបានអាជ្ញាប័ណ្ណពីទីក្រុងប៉េកាំងសម្រាប់អតិថិជនជាច្រើននៅក្នុងប្រទេសចិនផងដែរ។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ពួកគេ «មិនបានដឹងពីព័ត៌មានលម្អិតជាក់លាក់ទេ» ហើយបានបង្វែរសំណួរទាំងឡាយទៅកាន់ «អាជ្ញាធរមានសមត្ថកិច្ច» វិញ។

លោក Huang បានបន្ថែមថា Nvidia កំពុងស្ថិតក្នុងដំណើរការចាប់ផ្តើមផលិតបន្ទះឈីប H200 ឡើងវិញ។ យោងតាមរបាយការណ៍ពីសារព័ត៌មាន FT កាលពីខែមុន ក្រុមហ៊ុនបានផ្អាកការផលិត ដោយសារតែឧបសគ្គផ្នែកបទប្បញ្ញត្តិទាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិន។ ជាមួយគ្នានេះ សារព័ត៌មាន CNBC ក៏បានរាយការណ៍កាលពីថ្ងៃអង្គារផងដែរថា លោក Huang បានប្រាប់ពួកគេថា ពេលនេះក្រុមហ៊ុនទទួលបានការអនុញ្ញាត (Clearance) ពីទាំងភាគីសហរដ្ឋអាមេរិក និងចិនហើយ។

គួរជម្រាបថា H200 គឺជាបន្ទះឈីប AI ដ៏មានឥទ្ធិពលបំផុតមួយរបស់ Nvidia ដែលត្រូវបានរចនាឡើងដើម្បីដំណើរការគំរូភាសាធំៗ (LLMs)។ ការអនុម័តនេះកើតឡើងបន្ទាប់ពីមានការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាកម្រិតខ្ពស់ពីសហរដ្ឋអាមេរិកទៅកាន់ចិន នាពេលកន្លងមក៕