ថ្មីទៀតហើយ! សហព័ន្ធបាល់ទាត់អាហ្រ្វិក ចេញសេចក្តីថ្លែងការណ៍ដកពាន Afcon 2025 ពីសេណេហ្គាល់វិញ
18-03-2026 10:04
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF បានចេញសេចក្តីថ្លែងការណ៍ អំពីការដកពានប្រចាំតំបន់ Africa Cup of Nations 2025 ពីក្រុមជម្រើសជាតិសេណេហ្គាល់ទៅឱ្យម្ចាស់ផ្ទះម៉ារ៉ុកជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រុមជម្រើសជាតិសេណេហ្គាល់ ដណ្តើមបានជើងឯកពានប្រចាំតំបន់អាហ្រ្វិក Afcon 2025 កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅពេលយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង បន្ទាប់ពីពួកគេបានបដិសេធមិនបន្តការប្រកួត នៅពេលអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីឱ្យម៉ារ៉ុកនៅចុងម៉ោង។
ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានការពន្យារពេលដល់ទៅ ១៧នាទី ដ្បិតក្រុមកីឡាករ លើកលែងប្រធានក្រុម Sadio Mane បានដើរចូលទៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ នៅមុនពេលត្រឡប់មកវិញ និងបានយកឈ្នះ ១-០ ក្រោយពេល Brahim Diaz ទាត់ប៉េណាល់ទីបរាជ័យ។
ក្រោយមកម៉ារ៉ុក ក៏បានដាក់ពាក្យប្តឹងទៅ CAF និងបានរកឃើញថា សេណេហ្គាល់បានបដិសេធមិនប្រកួត និងដើរចូលបន្ទប់ផ្លាស់សំលៀកបំពាក់ គឺស្មើនឹងបោះបង់ការប្រកួតនៃមាត្រា ៨២របស់ CAF និងត្រូវបានកាត់ឱ្យចាញ់ ៣-០។
ទោះជាយ៉ាងណា វាជាករណីថ្មីមួយទៀតហើយសម្រាប់បាល់ទាត់ ដែលមានការដកពានត្រឡប់មកវិញបែបនេះ ដ្បិតកន្លងមក ធ្លាប់តែឃើញមានការដកពិន្ទុ និងកាត់ឱ្យចាញ់ ក្រោយការប្រកួតបានចប់សព្វគ្រប់ជាស្ថាពរហើយនោះ។
ទោះជាយ៉ាងណា វាក៏ជាពុំមែនជាករណីថ្មីដែរ ស្របពេលកន្លងមក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក៏ធ្លាប់បានដកមេដាយពីអត្តពលិកជយលាភីវិញដែរ ប្រសិនបើរកឃើញមានការប្រព្រឹត្តខុស តាមរយៈប្រើប្រាស់សារធាតុហាមឃាត់ជាដើម៕



