អភិបាលខេត្តព្រះវិហារ បើកការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ «បេះដូងប្រជាជនខេត្តព្រះវិហារ ដើម្បីវីរកងទ័ព និងសន្តិភាព»
18-03-2026 10:23
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាងក្រុមកីឡាករបាល់ទាត់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះវិហារ និងក្រុមកីឡាករបាល់ទាត់តារាកម្ពុជា ក្រោមប្រធានបទ «បេះដូងប្រជាជនខេត្តព្រះវិហារ ដើម្បីវីរកងទ័ព និងសន្តិភាព» ដែលបានប្រារព្ធធ្វើឡើងនៅទីលានបាល់ទាត់ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមកីឡាករបាល់ទាត់តារាកម្ពុជា ដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីកៀរគរមូលនិធិ និងធនធាន សម្រាប់ឧបត្ថម្ភគាំទ្រដល់កងកម្លាំងសមរភូមិមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមបណ្ដោយព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវនារី និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍នេះយ៉ាងច្រើនកុះករ ដែលបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងភាពរួបរួមជាតិរបស់ប្រជាជនខ្មែរ ក្នុងការចូលរួមថែរក្សា និងការពារជាតិ មាតុភូមិឲ្យបានរឹងមាំ និងសន្តិភាពយូរអង្វែង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ មិនត្រឹមតែជាការប្រកួតកីឡាមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់មួយក្នុងការបង្កើនភាពជិតស្និទ្ធរវាងមន្ត្រីរាជការ សិល្បករ និងប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកលើកកម្ពស់ស្មារតីសប្បុរសធម៌ និងការគាំទ្រដល់វីរកងទ័ព ដែលកំពុងបំពេញភារកិច្ចដ៏ថ្លៃថ្លាជូនជាតិមាតុភូមិ៕


























