អ៉ីរ៉ង់ ស្នើសហព័ន្ធ FIFA ដើម្បីផ្លាស់ប្តូរការប្រកួត World Cup 2026 របស់ពួកគេ នៅអាមេរិក ទៅមិចស៊ិក

18-03-2026 10:34

(បរទេស)៖ មន្រ្តីទូតនៃប្រទេសអ៉ីរ៉ង់ បានជួបពិភាក្សាគ្នាជាមួយសហព័ន្ធបាល់ទាត់ FIFA ក្នុងសំណើសុំផ្លាស់ប្តូរទីតាំងការប្រកួត World Cup 2026 របស់ពួកគេពីក្នុងទឹកដីសហរដ្ឋអាមេរិក ទៅប្រទេសមិចស៊ិកវិញ។ នេះបើយោងតាមការចេញផ្សាយដោយ newser។

នេះអាចនិយាយបានថា ជាសញ្ញាល្អមួយសម្រាប់ World Cup ដែលមានដល់ទៅ ៤៨ប្រទេសចូលរួមលើកដំបូង នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នាចាប់ពីថ្ងៃទី១១ ខែមិថុនា ដ្បិតកាលសប្តាហ៍មុន រដ្ឋមន្រ្តីកីឡាអ៉ីរ៉ង់បានថ្លែងក្នុងកិច្ចសម្ភាសន៍ ថាមិនចូលរួមព្រឹត្តិការណ៍ WC26 ដែលពួកគេលេងទាំង ៣ប្រកួតសន្សំពិន្ទុក្នុងពូល G ក្រោមហេតុផលសុខសុវត្ថិភាពនោះ។

កាលពីថ្ងៃអង្គារម្សិលមិញ មន្រ្តីទូតអ៉ីរ៉ង់ប្រចាំការនៅប្រទេសមិចស៊ិកបាននិយាយថា ពួកគេបានជួបពិភាក្សាជាមួយ FIFA ពីគោលបំណងស្នើសុំផ្លាស់ប្តូរទីតាំងប្រកួត World Cup 2026 របស់ពីពួកគេពីអាមេរិកមកមិចស៊ិកវិញ ខណៈរហូតមកដល់ពេលនេះ សហព័ន្ធខាងលើនៅមិនទាន់ឆ្លើយតបអ្វីនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ទូតដែលបានផ្ញើទៅសហព័ន្ធបាល់ទាត់អ៉ីរ៉ង់ ដែលមានលោក Mehdi Taj ជាប្រធានផងនោះបានរំលេចថា អ៉ីរ៉ង់នៅតែចង់ចូលរួម WC26 និងសុំឱ្យមានការផ្លាស់ប្តូរទីតាំងប្រកួតវិញ ក្នុងចំណោម ៣ប្រកួតសន្សំពិន្ទុប្រចាំពូល G របស់ពួកគេ។

ក្រុមលេងតំណាងទ្វីបអាស៊ីមួយនេះ ត្រូវប្រឈមមុខនឹងណូវែលហ្សេឡង់ ប៊ែលហ្សិក និងអេហ្ស៊ីប នៅចន្លោះថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលសុទ្ធសឹងតែលេងនៅសហរដ្ឋអាមេរិកទាំងអស់ ដែលបានកំពុងមានសង្រ្គាមជាមួយគ្នា គិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមកទល់ពេលនេះ៕