វិស័យឯកជន និងរដ្ឋាភិបាល រួមគ្នារៀបចំមហាព្រឹត្តិការណ៍គុនខ្មែរនៅកូរ៉េខាងត្បូង ដើម្បីផ្តល់ការកម្សាន្តជូនពលករ និងសហគមន៍ខ្មែរ

18-03-2026 10:43

(កូរ៉េខាងត្បូង)៖ នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ចុងសប្តាហ៍នេះ នឹងមានមហាព្រឹត្តិការណ៍គុនខ្មែរ និងការសម្តែងសិល្បៈខ្មែរ ដ៏ធំនៅសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ភាពរីករាយជូនដល់ប្រជាពលករខ្មែរ និងសហគមន៍ខ្មែរនៅកូរ៉េខាងត្បូងសប្បាយរីករាយ និងគាំទ្រកីឡាប្រដាល់របស់ខ្មែរ។

ព្រឹត្តិការណ៍នេះ រៀបចំដោយក្រុមហ៊ុនស្រាបៀ GANZBERG សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថានីយទូរទស្សន៍បាយ័ន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកតម្កើងមរតកដូនតាខ្មែរលើឆាកអន្តរជាតិ នឹងមានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News ពីប្រទេសកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជាវេលាម៉ោង ១ រសៀល (ម៉ោងនៅប្រទេសកូរ៉េ) ត្រូវនឹងម៉ោង១១ ថ្ងៃត្រង់ម៉ោងនៅប្រទេសកម្ពុជា។ កម្មវិធីនេះ ត្រូវរៀបចំ នៅតំបន់ហ្វាសង់ មហាវិទ្យាល័យវិទ្យាសាស្ត្រស៊ូវ៉ុន (수원과학대학교 SUNWON SCIENCE COLLEGE SINTEX) សាធារណរដ្ឋកូរ៉េ។

តាមរយៈតេឡេក្រាមផ្លូវការ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមីនាម្សិលមិញ បានអំពាវនាវថា៖ «សូមបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ អញ្ជើញចូលរួមឱ្យបានច្រើនកុះករ»៕