Anthropic ប្រឈមការខាតបង់រាប់ពាន់លានដុល្លារ ក្រោយលោក Trump សម្រេចដាក់បញ្ជីខ្មៅ

18-03-2026 10:47

(បរទេស)៖ រដ្ឋបាលលោក Trump បានប្រកាសការពារយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តដាក់ក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើត Claude AI ទៅក្នុងបញ្ជីខ្មៅរបស់មន្ទីរបញ្ចកោណ។ រដ្ឋាភិបាលអាមេរិកអះអាងថា នេះជាវិធានការណ៍ «ស្របច្បាប់» ដើម្បីការពារសន្តិសុខជាតិ បន្ទាប់ពីក្រុមហ៊ុនបដិសេធមិនព្រមដក «របាំងការពារ» ចេញពី AI របស់ខ្លួន សម្រាប់ការប្រើប្រាស់ក្នុងវិស័យយោធា និងអាវុធស្វ័យប្រវត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ចំណុចក្ដៅនៃវិវាទនេះ គឺការបដិសេធរបស់ Anthropic ក្នុងការអនុញ្ញាតឱ្យគេយក AI ទៅប្រើក្នុងអាវុធសម្លាប់មនុស្ស ឬការឃ្លាំមើលប្រជាពលរដ្ឋ ដែលធ្វើឱ្យលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិ ចាត់ទុកថាជា «ហានិភ័យដល់ខ្សែសង្វាក់ផ្គត់ផ្គង់»។ រដ្ឋាភិបាលបានវាយបកចំពោះបណ្តឹងរបស់ក្រុមហ៊ុនវិញថា ការកាត់ផ្តាច់អាជីវកម្មនេះជា «ទង្វើមិនព្រមអនុវត្តតាម» មិនមែនជាការរំលោភសេរីភាពបញ្ចេញមតិដូចការចោទប្រកាន់ឡើយ។

គួររំលឹកថា Anthropic គឺជាក្រុមហ៊ុន AI ឈានមុខគេមួយដែលត្រូវបានបង្កើតឡើងដោយអតីតមេធំរបស់ OpenAI ក្នុងគោលបំណងបង្កើត AI ដែលមាន «សុវត្ថិភាព និងចរិតធម៌» (Constitutional AI)។ ក្រុមហ៊ុនបានការពារជំហរខ្លួនថា AI បច្ចុប្បន្នមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់សង្គ្រាមឡើយ ហើយការប្តឹងនេះគឺ៖ «ជាជំហានចាំបាច់ដើម្បីការពារអាជីវកម្ម អតិថិជន និងដៃគូរបស់យើង»។ ទោះជាយ៉ាងណា ចំណាត់ការដ៏តឹងរ៉ឹងរបស់លោក Trump អាចនឹងធ្វើឱ្យ Anthropic ខាតបង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ។

គួរជម្រាបថា បច្ចុប្បន្ន ជោគវាសនារបស់ក្រុមហ៊ុនកំពុងស្ថិតក្នុងដៃតុលាការសហព័ន្ធ។ ជម្លោះនេះមិនត្រឹមតែជាការតតាំងផ្លូវច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកំណត់ព្រំដែនថ្មីរវាង «សិទ្ធិសេរីភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា» និង «អំណាចគ្រប់គ្រងរបស់រដ្ឋ» លើវិស័យបញ្ញាសិប្បនិម្មិត (AI) ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕