ធនាគារ កាណាឌីយ៉ា ប្រារព្ធពិធីសម្ពោធសាខាទី៧០ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង

18-03-2026 13:25

(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជក្នុងស្រុកធំជាងគេនៅប្រទេសកម្ពុជា ដែលមានបទពិសោធន៍ជាងបីទសវត្សរ៍ក្នុងវិស័យហិរញ្ញវត្ថុ បានសម្ពោធសាខាទី ៧០ របស់ខ្លួនជាផ្លូវការយ៉ាងអធិកអធមនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង (ZSEZ)។ សាខាថ្មីនេះ មានទីតាំងនៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Wanneng ផ្លូវស៊ីដនី ភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

សាខាថ្មីនេះ មានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្ម ដែលជាទីតាំងយុទ្ធសាស្ត្រកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយ របស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពងាយស្រួលផ្នែកហិរញ្ញវត្ថុ និងពង្រឹងការគាំទ្រសម្រាប់សកម្មភាពអាជីវកម្មទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង (ZSEZ)។ សាខានេះផ្តល់ជូននូវសេវាកម្មធនាគារដ៏ទូលំទូលាយ ដែលត្រូវបានរៀបចំឡើងសម្រាប់អតិថិជនសាជីវកម្ម បុគ្គលិករបស់ពួកគេ និងសហគមន៍អាជីវកម្មទាំងមូល ដែលធ្វើការប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។

សេវាកម្មទាំងនេះរួមមាន ឥណទានសម្រាប់សាជីវកម្ម និងផ្ទាល់ខ្លួន គណនីសន្សំ និងដាក់ប្រាក់បញ្ញើ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាបើកប្រាក់បៀវត្សរ៍ ហិរញ្ញប្បទានពាណិជ្ជកម្ម និងដំណោះស្រាយទូទាត់ប្រាក់តាមឌីជីថល។ ដើម្បីបម្រើទៅដល់អតិថិជនពហុជាតិសាសន៍របស់ខ្លួន សាខានេះមានប្រធានគ្រប់គ្រងខាងផ្នែកទំនាក់ទំនងដែលអាចនិយាយពហុភាសា (រួមទាំងអ្នកជំនាញដែលអាចនិយាយភាសាចិនបានយ៉ាងស្ទាត់ជំនាញ) សម្រាប់ផ្តល់នូវការប្រឹក្សាសេវាហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅតាមតម្រូវការរបស់អតិថិជននីមួយៗ។ ម៉ោងបើកដំណើរការរបស់សាខាថ្មីនេះ គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ៨៖០០ ព្រឹកដល់ម៉ោង ៤៖០០ រសៀល និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨៖០០ ព្រឹកដល់ម៉ោង ១១៖៣០ ព្រឹក។

បន្ថែមពីលើសេវាកម្មធនាគារពេញលេញ សាខានេះក៏មានបំពាក់ម៉ាស៊ីនស្វ័យសេវាធនាគារ 24/7 រួមមានម៉ាស៊ីន ATM និងដាក់-ដកប្រាក់ (CRM) ដែលអនុញ្ញាតឱ្យអតិថិជនដាក់ប្រាក់ និងដកប្រាក់បានយ៉ាងងាយស្រួលនៅពេលណាក៏បាន។ អតិថិជនសាជីវកម្មក៏អាចចូលប្រើវេទិកាធនាគារតាមអ៉ីនធឺណិតសម្រាប់ក្រុមហ៊ុនថ្មី របស់ធនាគារផងដែរ ដែលអាចប្តូរផ្ទាំងរូបរាងខាងមុខ (interface) ដោយខ្លួនឯងជាមួយនឹងការផ្ទៀងផ្ទាត់សុវត្ថិភាពកម្រិតខ្ពស់ ការទូទាត់តាមពេលវេលាជាក់ស្តែង ការធ្វើប្រតិបត្តិការជាមួយពហុរូបិយប័ណ្ណ និងមុខងារដែលអាចបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងក្រុមហ៊ុនឲ្យកាន់តែប្រសើរ។

អតិថិជនក៏រីករាយជាមួយកម្មវិធី Canadia Bank App ជំនាន់ថ្មី ដែលផ្តល់ជូននូវបទពិសោធន៍ធនាគារឌីជីថលដែលងាយស្រួល និងមានសុវត្ថិភាពជាងមុន។ កម្មវិធីនេះអាចផ្លាស់ប្ដូរផ្ទាំងទំព័រដើមតាមចំណង់ចំណូលចិត្ត ប្រព័ន្ធសុវត្ថិភាពកាន់តែប្រសើរ និងមានកម្មវិធី CanaPoints ដ៏ពេញនិយម ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សន្សំពិន្ទុតាមរយៈការទូទាត់ KHQR ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រ និងការផ្ទេរប្រាក់។ ពិន្ទុទាំងនោះអាចប្តូរជាមួយដៃគូសហការ ប្តូរទៅជាការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ឬប្រើសម្រាប់ការផ្តល់ជូនផ្តាច់មុខ ដែលធ្វើឱ្យការប្រើប្រាស់សេវាកម្មធនាគារតាមទូរស័ព្ទកាន់តែមានប្រយោជន៍។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធសាខាថ្មី លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍ដ៏សំខាន់នេះថា៖ «ការបើកសាខាទី ៧០ នេះ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើងខ្ញុំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅរាល់តំបន់ និងច្រកសេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេសកម្ពុជា។ ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនៅតែបន្តរីកចម្រើនទៅមុខ និងធ្វើពិពិធកម្ម យើងខ្ញុំនៅតែបន្តគាំទ្រទៅដល់អាជីវកម្ម អ្នកវិនិយោគិន និងសហគមន៍ ជាមួយនឹងការផ្តល់ដំណោះស្រាយធនាគារដ៏ល្អបំផុត។ វត្តមានរបស់យើងខ្ញុំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុងចេជាង ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តរបស់យើងក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃតំបន់សេដ្ឋកិច្ចពិសេស ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគ ជំរុញការនាំចេញ និងបង្កើតឱកាសការងារក្នុងស្រុក»

លោកស្រី សុង ខេងឡាយ អគ្គនាយិការង និងជានាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា បានបន្ថែមថា៖ «ជាមួយនឹងសេវាកម្មធនាគារពេញលេញ ដំណោះស្រាយឌីជីថលទំនើបចុងក្រោយ និងមន្ត្រីជំនាញទំនាក់ទំនងពហុភាសាជាច្រើនរបស់យើង យើងខ្ញុំមានជំហរដ៏ល្អក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងភាពងាយស្រួលដល់អាជីវកម្ម និងបុគ្គលិកទាំងអស់របស់ពួកគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។ យើងខ្ញុំទន្ទឹងរង់ចាំស្វាគមន៍អតិថិជនមកកាន់សាខាថ្មីរបស់យើង ដើម្បីទទួលបាននូវការណែនាំសេវាកម្មហិរញ្ញវត្តុដ៏ត្រឹមត្រូវ និងទាន់ពេលវេលាពីអ្នកជំនាញរបស់យើង ទៅតាមតម្រូវការរបស់លោកអ្នក»

អំពីធនាគារ កាណាឌីយ៉ា

បង្កើតឡើងក្នុងឆ្នាំ ១៩៩១ ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជដែលមានសេវាកម្មពេញលេញបំផុតមួយ ដែលមានជំនាញហិរញ្ញវត្ថុ និងភាពរឹងមាំឈរជើងជាងបីទសវត្សរ៍កន្លងមកហើយ។ ធនាគារ កាណាឌីយ៉ា មានជំហរដ៏រឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ គាំទ្រដោយទំនាក់ទំនងយ៉ាងទូលំទូលាយ រវាងធនាគារក្នុងស្រុក និងអន្តរជាតិ។ នៅដំណាច់ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធក្រុមហ៊ុន (គ្រុប) មានចំនួន ៨,៦ ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណេញសុទ្ធសរុបចំនួន ៨៤,៦ លានដុល្លារ។ ជាមួយនឹងសាខាចំនួន ៧០ និងម៉ាស៊ីនឌីជីថលស្វ័យសេវាជាង ៤៣០ នៅទូទាំងប្រទេស ធនាគារ កាណាឌីយ៉ា នៅតែបន្តជំរុញនវានុវត្តន៍ និងផ្តល់នូវបទពិសោធន៍ធនាគារឌីជីថលដ៏រលូននៅកម្ពុជា៕