អាថ៌កំបាំងក្រោយការលក់ TikTok៖ តើទឹកប្រាក់ ១០ពាន់លានដុល្លារ កំពុងហូរចូលហោប៉ៅរដ្ឋាភិបាលលោក ត្រាំ មែនឬទេ?

18-03-2026 14:02

(បរទេស)៖ សមាជិកព្រឹទ្ធសភា លោក Mark Warner នៅថ្ងៃអង្គារសប្តាហ៍នេះ បានផ្ញើលិខិតសាកសួរទៅកាន់សេតវិមាន ដើម្បីសុំការបំភ្លឺជុំវិញព័ត៌មានដែលថា ក្រុមវិនិយោគិនត្រូវបង់ប្រាក់ចំនួន ១០ពាន់លានដុល្លារទៅឱ្យរតនាគារជាតិ ជាថ្នូរនឹងការអនុម័តលើកិច្ចព្រមព្រៀងទិញលក់ប្រតិបត្តិការរបស់ TikTok ក្នុងទឹកដីអាមេរិក ដែលរៀបចំដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

ផ្អែកតាមរបាយការណ៍ពី Wall Street Journal លោក Warner បានលើកឡើងថា ក្រុមវិនិយោគិនក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីរបស់ TikTok (រួមមាន Oracle, Silver Lake និង MGX របស់អាប៊ូដាប៊ី) បានបង់ប្រាក់ ២.៥ ពាន់លានដុល្លាររួចហើយទៅឱ្យរតនាគារអាមេរិក ហើយទឹកប្រាក់ ៧.៥ ពាន់លានដុល្លារដែលនៅសល់ នឹងត្រូវបង់ជាបន្តបន្ទាប់។ ចំនួន ១០ពាន់លានដុល្លារនេះ ស្មើនឹងប្រមាណ ៧១% នៃតម្លៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មី (Joint Venture) ដែលត្រូវបានគេវាយតម្លៃថាមានតម្លៃសរុប ១៤ពាន់លានដុល្លារ។ លោក Warner បានរិះគន់ថា ប្រសិនបើព័ត៌មាននេះជាការិត វានឹងក្លាយជាគំរូអាក្រក់មួយដែលរដ្ឋបាលលោក ត្រាំ ប្រើប្រាស់អំណាចរដ្ឋដើម្បីផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន ឬបុគ្គលជិតស្និទ្ធនឹងប្រធានាធិបតី និងការទាមទារលក្ខខណ្ឌហិរញ្ញវត្ថុដើម្បីជាថ្នូរនឹងការយល់ព្រម។

មកទល់ពេលនេះ សេតវិមាន និងក្រុមហ៊ុន TikTok នៅមិនទាន់មានការអត្ថាធិប្បាយណាមួយឡើយ។ កាលពីឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់តម្រូវឱ្យក្រុមហ៊ុន ByteDance (ក្រុមហ៊ុនមេរបស់ TikTok) លក់អាជីវកម្មរបស់ខ្លួននៅអាមេរិកត្រឹមខែមករា ឆ្នាំ២០២៥ បើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការហាមឃាត់ ឬការផាកពិន័យរាប់រយពាន់លានដុល្លារ។ ក្រៅពីករណី TikTok រដ្ឋបាលលោក ត្រាំ ក៏ធ្លាប់បានព្យាយាមទាមទារយកសាច់ប្រាក់ ឬភាគហ៊ុនពីកិច្ចព្រមព្រៀងធំៗផ្សេងទៀតដែរ ដូចជាការយកភាគហ៊ុន ៩.៩% ពីក្រុមហ៊ុន Intel ជាថ្នូរនឹងជំនួយពីរដ្ឋាភិបាលជាដើម។

លោកសមាជិកព្រឹទ្ធសភា Warner បានទាមទារឱ្យរដ្ឋាភិបាលបង្ហាញនូវ៖
1. មូលដ្ឋានច្បាប់ក្នុងការអនុម័តការលក់នេះ។
2. មូលហេតុ និងរបៀបនៃការកំណត់យកទឹកប្រាក់ ១០ ពាន់លានដុល្លារ។
3. ការចូលរួមដោយផ្ទាល់របស់លោកប្រធានាធិបតី ត្រាំ ក្នុងកិច្ចព្រមព្រៀងនេះ។
4. គម្រោងនៃការប្រើប្រាស់ថវិកាដែលទទួលបាននោះ។

គួរជម្រាបថា កាលពីដើមខែនេះ លោក ត្រាំ និងអគ្គមេធាវី Pam Bondi ក៏កំពុងប្រឈមនឹងបណ្តឹងពីសំណាក់វិនិយោគិនមួយក្រុម ដែលព្យាយាមប្តឹងសុំឱ្យលុបចោលការអនុម័តលើកិច្ចព្រមព្រៀងក្រុមហ៊ុនចម្រុះរបស់ TikTok នេះផងដែរ៕