គិរីកាហ្វេ (Kiri Coffee) បង្ហាញវត្តមានយ៉ាងលេចធ្លោក្នុងនាមជាអ្នកឧបត្ថម្ភ ក្នុងព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦
18-03-2026 20:27
(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ (1st ICLA Cambodia) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) បានប្រកាសបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងនាមជាដៃគូឧបត្ថម្ភ ដើម្បីជំរុញវិស័យកាហ្វេកម្ពុជាឱ្យឈានដល់កម្រិតស្តង់ដារអន្តរជាតិ។
ក្នុងនាមជាសហគ្រាសក្នុងស្រុកដែលឈរលើមូលដ្ឋានគ្រឹះនៃគុណភាព និងនិរន្តរភាព គិរីកាហ្វេ មិនត្រឹមតែផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់តម្លៃ «គ្រាប់កាហ្វេខ្មែរ» និងសមត្ថភាព «បារីស្តា (Barista) ខ្មែរ»។
ថ្លែងក្នុងឱកាសនោះ តំណាងក្រុមហ៊ុន គិរីកាហ្វេ បានគូសបញ្ជាក់ថា ការចូលរួមឧបត្ថម្ភនេះគឺជាផ្នែកមួយនៃបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ពីកសិករនៅតំបន់ខ្ពង់រាបមណ្ឌលគិរី រហូតដល់ពែងកាហ្វេដែលមានសិល្បៈ និងគុណភាពខ្ពស់។ ក្រៅពីការឧបត្ថម្ភ ក្រុមហ៊ុនក៏បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូលរួមលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍បច្ចេកទេស តាមរយៈការបណ្តុះបណ្តាលជំនាញឯកទេសដល់បេក្ខជន ដើម្បីធានាថាអ្នកឆុងកាហ្វេកម្ពុជាមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។
តាមរយៈព្រឹត្តិការណ៍ខ្នាតអន្តរជាតិលើកដំបូងនេះ គិរីកាហ្វេ រំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យកាហ្វេនៅកម្ពុជា បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ និងបង្ហាញទៅកាន់ពិភពលោកថា កាហ្វេកម្ពុជាមានអត្តសញ្ញាណ និងគុណភាពមិនចាញ់បណ្តាប្រទេសដទៃឡើយ៕






















