រដ្ឋាភិបាលសេណេហ្គាល់ ចោទថា មានអំពើពុករលួយ ក្រោយដកហូតពាន Afcon 2025

18-03-2026 20:30

(បរទេស)៖ រដ្ឋាភិបាលនៃប្រទេសសេណេហ្គាល់ បានស្នើឱ្យមានស្ថាប័នស៊ើបអង្កេតឯករាជ្យអន្តរជាតិ ទៅលើសហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក CAF ក្រោយចេញសេចក្តីថ្លែងការណ៍ដកហូតពាន Africa Cup of Nations 2025 ពីពួកគេទៅឱ្យម៉ារ៉ុកវិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

សេណេហ្គាល់ ដណ្តើមបានពាន ២ឆ្នាំម្តងប្រចាំតំបន់អាហ្រ្វិក Afcon 2025 ជាលើកទី២ របស់ពួកគេ គិតចាប់តាំងពីឆ្នាំ២០២១ ពីក្នុងវគ្គផ្តាច់ព្រ័ត្រប្រកបដោយភាពចម្រូងចម្រាស់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តាមរយៈយកឈ្នះម្ចាស់ផ្ទះម៉ារ៉ុក ១ទល់នឹង០ ក្នុងម៉ោងថែម ១៥នាទី ២ដង។

ទោះជាយ៉ាងណា គិតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ CAF បានចេញសេចក្តីថ្លែងការណ៍ដកហូតពានពីពួកគេវិញ និងកាត់ឱ្យចាញ់ ៣-០ ដោយលើកហេតុផលថា ពួកគេបានធ្វើខុសច្បាប់ CAF ដែលបានចាកចេញពីទីលានទៅបន្ទប់ផ្លាស់សំលៀកបំពាក់ និងមានរយៈពេល ១៧នាទីផងដែរ មុនពេលយល់ព្រមមកប្រកួតវិញ។

ជាការឆ្លើយតប នៅក្នុងសេចក្តីការណ៍របស់រដ្ឋាភិបាលសេណេហ្គាល់បានឱ្យដឹងថា «វាជាករណីដែលមិនអាចទទួលយកបាន និងជាការសម្រេចចិត្តដ៏អាក្រក់បំផុត»។

នៅព្រឹកថ្ងៃពុធនេះដដែល សហព័ន្ធបាល់ទាត់សេណេហ្គាល់ FSF បានបញ្ជាក់ថា ពួកគេនឹងប្តឹងទៅតុលាការកីឡា CAS ជុំវិញការសម្រេចរបស់ CAF និងចោទថា វាជារឿងដ៏អយុត្តិធម៌ចំពោះការសម្រេចដែលមិនអាចទទួលយកបានឡើយ ដែលនាំឱ្យបាល់ទាត់នៅតំបន់នេះ ធ្លាក់ចូលក្នុងស្ថានភាពដែលមិនធ្លាប់មានពីមុនមក»៕