ISI ទម្លាក់ក្រុមជើងឯកភ្នំពេញក្រោន ខណៈព្រះខ័នរាជ វាយបកឈ្នះគិរីវង់ ៤-១ ឡើងវគ្គ ១/២ ពានសម្ដេចតេជោ ហ៊ុន សែន
18-03-2026 22:21
(ភ្នំពេញ)៖ ទីបំផុតការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ដោយក្រុម ISI ដង្កោសែនជ័យ បានទម្លាក់ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន គួរភ្ញាក់ផ្អើល ស្របពេលព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៤-១ ក្នុងជំនួបជើងទី២ នៃវគ្គ ៨ក្រុមចុងក្រោយ នៅព្រលប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
សម្រាប់ជំនួបកាត់សេចក្ដី នៅកីឡដ្ឋានភ្នំពេញក្រោន ក្រុមម្ចាស់ផ្ទះ បានព្យាយាមដាក់សម្ពាធលើដំរីជ័យ តាំងពីដើមវគ្គ តែមិនអាចទម្លាយរបាំងការពារ ISI ដង្កោសែនជ័យ បានឡើយ ផ្ទុយទៅវិញ ត្រូវបានក្រុមលោក ទុំ សារ៉ាយ រកបាន ១គ្រាប់មុន ដោយកីឡាករ ហាវ សុខនេត្រ នៅនាទី៣២ ។ បន្ទាប់មកភ្នំពេញក្រោន បានព្យាយាមសម្រុកកាន់តែខ្លាំង តែមិនអាចរកគ្រាប់បាល់បាន គ្រាដែលចុងម៉ោង កីឡាករ Diakete ក៏បានបន្ថែមគ្រាប់ទី២ ឲ្យក្រុមភ្ញៀវ នៅនាទី៩០+២ ជួយឲ្យ ISI ដង្កោសែនជ័យ ឈ្នះភ្នំពេញក្រោន ២-០។
ជ័យជម្នះនេះ នាំឲ្យក្រុម ISI ដង្កោសែនជ័យ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមវិសាខា បន្ទាប់ពីសរុបលទ្ធផលទាំង ២ជើង ពួកគេបានឈ្នះភ្នំពេញក្រោន ៤-២ ។
ចំណែកក្រុមព្រះខ័នរាជស្វាយរៀង ដែលភ្លាត់ចាញ់ក្រៅដី ២-១ កាលពីជើងទី១ ក៏បានព្យាយាមវាយសម្រុកលើគិរីវង់ តាំងពីដើមវគ្គ ក្នុងជំនួបជើងទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រហូតរកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Yudai Ogawa នៅនាទី១១, ញាណ សុស៊ីដាន នៅនាទី៣៨, Peprah Kwame នៅនាទី៤៣ និង Patrick Robson នៅនាទី៥៥ មុនគិរីវង់ វាយបកបាន ១គ្រាប់វិញ តាមរយៈការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ E.Azike នៅនាទី៩០+៤។
សរុបទាំង ២ជើង ព្រះខ័នរាជស្វាយរៀង បានយកឈ្នះគិរីវង់សុខសែនជ័យ ៥-៣ ដែលជួយឲ្យក្រុមជើងឯករងឆ្នាំចាស់នេះ ឡើងទៅជួបក្រុមបឹងកេត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ គ្រោងធ្វើឡើង ២ជើង នាថ្ងៃទី២២ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ។ ចាំមើលតើក្រុមណាខ្លះ នឹងត្រូវឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយក្លាយជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន រដូវកាលនេះ?






