យល់ដឹងកីឡា៖ ហេតុអ្វីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup កំណត់លេងរៀងរាល់ ៤ឆ្នាំម្តង?

19-03-2026 08:11

(បរទេស)៖ តាំងពីចាប់ផ្តើមលេងដំបូងនៅឆ្នាំ១៩៣០ មក ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ត្រូវបាន សហព័ន្ធ FIFA កំណត់លេងយ៉ាងទៀតទាត់ ជារៀងរាល់ ៤ឆ្នាំម្តង បើទោះបីជាថ្មីៗ ប្រទេសមួយចំនួនបានស្នើឱ្យរៀបចំ លេង ២ឆ្នាំម្តងក៏ដោយ។

ការប្រារព្ធឡើងរៀងរាល់ ៤ឆ្នាំម្តង ដោយសារហេតុផលសំខាន់ៗមួយចំនួនដូចជា៖

- លេងវគ្គជម្រុះ៖ ដំណើរការជម្រុះក្រុមបាល់ទាត់មកពីជុំវិញពិភពលោក ត្រូវចំណាយពេលយូរ (ជាធម្មតា ២-៣ឆ្នាំ) ដើម្បីរកក្រុមខ្លាំងបំផុតមកប្រកួតនៅជុំផ្ដាច់ព្រ័ត្រ។

- ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ៖ ប្រទេសម្ចាស់ផ្ទះត្រូវការពេលវេលាច្រើនឆ្នាំ ដើម្បីកសាង ឬជួសជុលកីឡដ្ឋាន មានទាំងផ្លូវថ្នល់ និងសណ្ឋាគារ ដើម្បីត្រៀមទទួលអ្នកគាំទ្ររាប់លាននាក់ មកពីជុំវិញពិភពលោក។

- ការគ្រប់គ្រងកម្លាំងកីឡាករ៖ កីឡាករមានកាលវិភាគប្រកួតមមាញឹកក្នុងក្លិបរបស់ពួកគេ។ ការទុកចន្លោះ ៤ឆ្នាំម្តង ជួយកាត់បន្ថយសម្ពាធ និងការហត់នឿយខ្លាំងដល់កីឡាករ។

- កុំឱ្យជាន់គ្នាជាមួយកម្មវិធីផ្សេងៗ៖ ដើម្បីជៀសវាងជាន់គ្នានៃកាលវិភាគជាមួយការប្រកួតកីឡាអូឡាំពិក និងការប្រកួតពានរង្វាន់ប្រចាំទ្វីបនីមួយៗ ដូចជា Euro ឬ Copa America ជាដើម។

- រក្សាតម្លៃ និងភាពអស្ចារ្យ៖ ការរង់ចាំរយៈពេលយូរ ធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានតម្លៃ កាន់តែពិសេស និងជាទីប្រាថ្នាចង់មើលបំផុត សម្រាប់អ្នកគាំទ្រនៅជុំវិញពិភពលោក៕