ត្រឹមរយៈពេល ២៤ម៉ោង អង់គ្លេសមាន ៤ក្រុមជ្រុះចេញពី UCL លើកលែងតែ Arsenal និង Liverpool
19-03-2026 09:34
(បរទេស)៖ វាមានរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ពោលគឺគម្លាតគ្នារវាងរាត្រីថ្ងៃអង្គារ និងថ្ងៃពុធ អង់គ្លេសមានដល់ទៅ ៤ក្រុមឯណោះ ក្នុងចំណោម ៦ក្រុមសរុបដែលបានហាលអាវពីពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26 នៃវគ្គ ១៦ក្រុមចុងក្រោយ។
ទាំង ៤ក្រុមនោះមានដូចជា Chelsea, Manchester City, Newcastle United និង Tottenham Hotspur សុទ្ធតែបានចាញ់គូប្រកួតច្រើនគ្រាប់ និងធ្លាក់ចេញពី UCL ត្រឹមវគ្គ ១/៨ដូចគ្នា។
ទោះជាយ៉ាងណា កាំភ្លើងធំ Arsenal និង Liverpool នៅតែជាក្តីសង្ឃឹមចុងក្រោយសម្រាប់អង់គ្លេស ដែលបានឡើងទៅវគ្គ ៨ក្រុម UCL ជាបន្តទៀត ដើម្បីប្រជែងជើងឯកពានអឺរ៉ុបរដូវកាលនេះទៀត ដ្បិតអេស្ប៉ាញមាន ៣ក្រុមច្រើនជាងគេក៏ដោយ។
ក្រុមកំពូលតារាង Premier League របស់លោក Mikel Arteta ត្រូវប្រឈមមុខជាមួយ Sporting Lisbon នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ សម្រាប់ជើងទី១ នៃវគ្គ ៨ក្រុម UCL ក្រោយទម្លាក់គូប្រជែង Bayer Leverkusen ៣-១ ទាំងពីរជើងពីក្នុងវគ្គ ១៦ក្រុម ស្របពេលសមាជិកក្នុងលីគដូចគ្នា ហង្សក្រហម Liverpool ត្រូវប៉ះម្ចាស់ការពារតំណែងជើងឯករបស់បារាំង Paris Saint Germain។
Liverpool ម្ចាស់ជើងឯក PL រដូវកាលមុន និងជាជើងឯក UCL កាលឆ្នាំ២០១៩ ផងនោះ បានវាយបកទម្លាក់ Galatasaray ៤-០ បញ្ចប់ជើងទី២ វគ្គ ១៦ក្រុមនៅកីឡដ្ឋាន Anfield យប់មិញ បន្ទាប់ពីរបូតត្រឹម ១-០ កាលលេងជើងទី១ នៅប្រទេសតួកគីរួចមក គ្រាដែល Real Madrid ជួប Bayern Munich ហើយ FC Barcelona ប៉ះ Atletico Madrid៕



