មិនមែនត្រឹមតែ Chat! Manus របស់ Meta អាចជួយរៀបចំឯកសារ និងសរសេរកូដលើកុំព្យូទ័របានក្នុងពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ
19-03-2026 09:51
(បរទេស)៖ ក្រុមហ៊ុន Manus ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Meta បានដាក់ឱ្យប្រើប្រាស់កម្មវិធីលើកុំព្យូទ័រ (Desktop App) ថ្មីសន្លាងមួយ ដែលអនុញ្ញាតឱ្យភ្នាក់ងារ AI របស់ខ្លួនដំណើរការដោយផ្ទាល់នៅលើម៉ាស៊ីន។ តាមរយៈមុខងារ «My Computer» ភ្នាក់ងារ AI នេះមិនត្រឹមតែឆ្លើយសំណួរដូចមុននោះទេ ប៉ុន្តែវាមានសមត្ថភាពអាន វិភាគ និងកែសម្រួលឯកសារ រួមទាំងបញ្ជាកម្មវិធីផ្សេងៗក្នុងកុំព្យូទ័រតាមបញ្ជារបស់អ្នកប្រើប្រាស់ ដូចជាការរៀបចំរូបភាពរាប់ពាន់សន្លឹក ឬការសរសេរកូដបង្កើតកម្មវិធីថ្មីក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។
ការឈានជើងចូលមកដល់របស់ Manus Desktop ធ្វើឡើងចំពេលដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ OpenClaw ដែលជា AI ដ៏ល្បីល្បាញមួយទៀត។ លោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia បានពណ៌នា OpenClaw ថាជា «ChatGPT ជំនាន់ក្រោយ» នៅក្នុងបទសម្ភាសន៍ជាមួយ CNBC។ ខុសពី OpenClaw ដែលជាប្រភេទប្រើប្រាស់ឥតគិតថ្លៃ Manus គឺជាសេវាកម្មដែលតម្រូវឱ្យបង់ប្រាក់ ប៉ុន្តែវាផ្តល់នូវការតភ្ជាប់យ៉ាងស៊ីជម្រៅជាមួយប្រព័ន្ធអេកូឡូស៊ីរបស់ Meta និងកម្មវិធីការងារដូចជា Google Calendar និង Gmail ជាដើម។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខទិន្នន័យ ក្រុមហ៊ុន Manus បានបញ្ជាក់ថា មុខងារ My Computer នឹងរក្សាអ្នកប្រើប្រាស់ឱ្យ «ស្ថិតក្រោមការគ្រប់គ្រងយ៉ាងម៉ាំ» ដោយរាល់សកម្មភាពទាំងអស់ត្រូវមានការអនុញ្ញាតពីម្ចាស់ឧបករណ៍ជាមុនសិន។ ទន្ទឹមនឹងនេះ ការទិញយកក្រុមហ៊ុន Manus ក្នុងតម្លៃ ២ពាន់លានដុល្លារនេះ ក៏កំពុងស្ថិតក្រោមការតាមដានពីមន្ត្រីចិនផងដែរ ប៉ុន្តែអ្នកនាំពាក្យរបស់ Meta បានអះអាងប្រាប់ CNBC ថា ការទិញយកនេះ «បានអនុលោមតាមច្បាប់ជាធរមានទាំងស្រុង» ហើយរំពឹងថានឹងមានដំណោះស្រាយសមស្របក្នុងពេលឆាប់ៗ។
គួរជម្រាបថា ការបោះជំហានរបស់ Meta តាមរយៈ Manus គឺជាសញ្ញានៃការផ្លាស់ប្តូរពី AI ដែលគ្រាន់តែចេះជជែក មកជា AI ដែលអាចជួយធ្វើការងារផ្ទាល់នៅលើឧបករណ៍របស់យើងតែម្តង៕









