Apple បំបែកកំណត់ត្រា! ការលក់ iPhone នៅចិនកើនឡើង ២៣% ផ្ទុយពីទីផ្សាររួមដែលកំពុងធ្លាក់ចុះ!
19-03-2026 10:23
(បរទេស)៖ ការលក់ iPhone នៅចិនកើនឡើង ២៣% ផ្ទុយពីនិន្នាការទីផ្សាររួមនៅដើមឆ្នាំ២០២៦ នេះ។ ក្រុមហ៊ុន Apple បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយការលក់ស្មាតហ្វូននៅក្នុងប្រទេសចិនបានកើនឡើងដល់ ២៣% ក្នុងរយៈពេល ៩ សប្តាហ៍ដំបូងនៃឆ្នាំនេះ។ នេះបេីយោងតាមរបាយការណ៍ចុងក្រោយពីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
លទ្ធផលនេះបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល ដោយសារវាបានដើរផ្ទុយពីស្ថានភាពទីផ្សារស្មាតហ្វូនរួមនៅក្នុងប្រទេសចិនដែលបានធ្លាក់ចុះ ៤%។ Apple បានសហការជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច (E-commerce) ដើម្បីដាក់ចេញនូវកម្មវិធីបញ្ចុះតម្លៃពិសេស។ ម៉ូដែលមូលដ្ឋាននៃ iPhone 17 ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីផលិតផលដែលទទួលបានការឧបត្ថម្ភធន (Subsidies) ពីរដ្ឋាភិបាលចិន ដែលជួយឱ្យតម្លៃកាន់តែទាក់ទាញដល់អ្នកប្រើប្រាស់។ ខណៈពេលដែលដៃគូប្រកួតប្រជែង (ដូចជា OPPO និង vivo) ប្រឈមនឹងការកើនឡើងតម្លៃបន្ទះឈីបអង្គចងចាំ (Memory Chip) រហូតដល់ត្រូវតម្លើងថ្លៃទូរស័ព្ទរបស់ពួកគេ Apple បានគ្រប់គ្រងការចំណាយបានល្អជាងមុនតាមរយៈកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែង ដែលអនុញ្ញាតឱ្យពួកគេរក្សាតម្លៃដដែល និងដណ្តើមយកចំណែកទីផ្សារបន្ថែម។
គួរជម្រាបថា ស្របពេលដែល Apple កំពុងទទួលបានជោគជ័យ ក្រុមហ៊ុនផលិតទូរស័ព្ទ Android ធំៗនៅក្នុងប្រទេសចិន កំពុងរងសម្ពាធពីការឡើងថ្លៃគ្រឿងបន្លាស់ ដែលបង្ខំឱ្យពួកគេត្រូវតម្លើងថ្លៃលក់រាយនៅខែនេះ ដែលជាកត្តាមួយជួយឱ្យ Apple មានប្រៀបជាងលើផ្នែកតម្លៃ និងទំនុកចិត្តពីអតិថិជន៕








