Messi រកបានគ្រាប់បាល់ទី៩០០ នៅពេល Miami ប្រកួតនឹង Nashville ទើបបាន ៧នាទីប៉ុណ្ណោះ
19-03-2026 11:07
(បរទេស)៖ Lionel Messi នៅតែជាកីឡាករឈរនៅលំដាប់លេខ២ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលរកបាន ៩០០គ្រាប់ក្នុងអាជីព តាមពីក្រោយ Cristiano Ronaldo នៃជំនួប Inter Miami CF ប្រកួតទល់នឹង Nashville SC កាលពីរាត្រីពុធ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣៨ឆ្នាំរូបនេះ រកបាន ១គ្រាប់ភ្លាមៗ និងជាគ្រាប់បាល់ទី៩០០ ទៀតផង ក្រោយចាប់ផ្តើមលេងបានតែ ៧នាទីប៉ុណ្ណោះក្នុងកីឡដ្ឋាន Geodis Park ដែលស្ថិតក្នុងទីក្រុង Tennessee នៃកម្មវិធីពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកខាងជើង Concacaf Champions Cup សម្រាប់ជើងទី២ វគ្គ ១៦ក្រុមចុងក្រោយ។
នេះមានន័យថា Messi វ័យ ៣៨ឆ្នាំ រកបានគ្រាប់បាល់កើនដល់ ៨១គ្រាប់ហើយ ក្នុងចំណោម ៩២ប្រកួតជាមួយក្លិបអាមេរិក Miami គិតចាប់តាំងពីចូលរួមកាលខែមិថុនា ឆ្នាំ២០២៣ ដោយបានរួមចំណែកជួយក្រុមសមាជិកនៅ MLS មួយនេះឈ្នះជើងឯក League Cup និង Major League Soccer Cup ទៀតផង។
ខ្សែប្រយុទ្ធពាក់លេខ១០ Messi បានផ្តើមរកគ្រាប់ឥតស្រាក់ស្រាន្តឡើយ គិតចាប់តាំងពីបានក្លាយជាកីឡាករក្មេងជាងគេដែលរកបានគ្រាប់បាល់ប្រចាំក្លិប FC Barcelona ស្ថិតក្នុងវ័យ ១៧ឆ្នាំ ១០ខែ និង ៧ថ្ងៃរួចមក មុនឈានដល់ឈ្នះពានឯកត្តជន Ballon d’Or បាន ៨លើកទៀតផង បន្ថែមលើការដណ្តើមបាន World Cup 2022 និងរងជើងឯកកាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីលផងនោះជាមួយអាហ្សង់ទីន៕



