AI កំពុងបង្កើតចំណូលមហាសាលឱ្យ Micron តែការចំណាយលើសផែនការ ធ្វើឱ្យអ្នកវិនិយោគបារម្ភ

19-03-2026 11:27

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Micron Technology ទើបតែបានបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើល ដោយមានចំណូលក្នុងត្រីមាសទី២ ខ្ពស់ជាងការរំពឹងទុកឆ្ងាយ។ ការហក់ឡើងនេះគឺដោយសារតែការផ្ទុះឡើងនៃតម្រូវការបន្ទះឈីបអង្គចងចាំ (Memory Chips) ដែលចាំបាច់បំផុតសម្រាប់ដំណើរការប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ ទោះជាយ៉ាងណាក៏ដោយ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៥% ភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនប្រកាសផែនការបង្កើនការចំណាយទុនរហូតដល់ ២៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ ដើម្បីពង្រីកផលិតកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

លោក Sumit Sadana ប្រធានផ្នែកអាជីវកម្មរបស់ Micron បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា «សកម្មភាពសាងសង់ពិតជាកំពុងជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវការចំណាយទុនសរុបរបស់យើង»។ ការចំណាយដ៏មហិមានេះ រួមមានទាំងការទិញរោងចក្រតម្លៃ ១,៨ ពាន់លានដុល្លារពីតៃវ៉ាន់ និងការសាងសង់មជ្ឈមណ្ឌលផលិតកម្មថ្មីៗ ដើម្បីធានាថាខ្លួនមានសមត្ថភាពផ្គត់ផ្គង់បន្ទះឈីបឱ្យទាន់តាមការប្រកួតប្រជែងបច្ចេកវិទ្យា AI នាពេលអនាគត។

លោក Ben Bajarin នាយកប្រតិបត្តិនៃ Creative Strategies បានផ្តល់ទស្សនៈថា ការបង្កើនការចំណាយនេះគឺជាការសម្រេចចិត្តដ៏សមហេតុផលបំផុត ដោយលោកលើកឡើងថា «វាសមហេតុផលណាស់ បើពិនិត្យលើទម្រង់នៃតម្រូវការ និងតម្រូវការចាំបាច់របស់ពួកគេក្នុងការបន្តវិនិយោគដើម្បីឆ្លើយតបនឹងសមត្ថភាពផលិត ដែលគ្មានសញ្ញាថានឹងថយចុះនាពេលឆាប់ៗនេះទេ»។ បច្ចុប្បន្ន Micron គឺជាក្រុមហ៊ុនមួយក្នុងចំណោមអ្នកផ្គត់ផ្គង់ធំៗបំផុតតែ ៣ ប៉ុណ្ណោះក្នុងលោក ដែលអាចផលិតបន្ទះឈីបប្រភេទ High Bandwidth Memory សម្រាប់ AI បាន។

គួរជម្រាបថា ទោះបីជាការចំណាយខ្ពស់ធ្វើឱ្យអ្នកវិនិយោគមួយចំនួនបារម្ភក្នុងរយៈពេលខ្លីក៏ដោយ ក៏ Micron នៅតែបង្ហាញភាពជឿជាក់ខ្ពស់លើអនាគតរបស់ខ្លួន។ ក្រុមហ៊ុនបានព្យាករណ៍ថា ចំណូលក្នុងត្រីមាសទី៣ នឹងបន្តកើនឡើងដល់ ៣៣,៥ ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់ជាងការប៉ាន់ស្មានរបស់អ្នកវិភាគដល់ទៅជិត ១០ ពាន់លានដុល្លារ ស្របពេលដែលក្រុមប្រឹក្សាភិបាលក៏បានសម្រេចបង្កើនប្រាក់ភាគលាភដល់អ្នកកាន់ភាគហ៊ុនចំនួន ៣០% ផងដែរ៕