អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម កោតសរសើរវិទ្យាស្ថាន «ខេមអេដ»​ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងរួមចំណែកលើកកម្ពស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា

19-03-2026 12:36

(ភ្នំពេញ)៖ លោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានចូលរួមអបអរសាទរដល់និស្សិត និងបានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងពង្រឹងនូវកម្មវិធីសិក្សា គុណភាពសាស្ត្រាចារ្យ ក៏ដូចជាសេវាកម្មសិក្សានានារបស់វិទ្យាស្ថានខេមអេដ។ ក្នុងឱកាសនេះលោក ប៊ូ ថារិន បានថ្លែងសុន្ទរកថាដោយបានកោតសរសើរ ចំពោះការខិតខំរបស់វិទ្យាស្ថាន ខេមអេដ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងរួម ចំណែកលើកកម្ពស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា។

ការថ្លែងកោតសរសើរនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីដែលវិទ្យាស្ថានខេមអេដ កាលពីពេលថ្មីៗនេះ នៅសណ្ឋាគារ រ៉ូសវូដភ្នំពេញ បានរៀបចំពិធីអបអរសាទរ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃកម្មវិធីសិក្សាសញ្ញាបត្រ ជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយក សាស្ត្រាចារ្យ គណៈគ្រប់គ្រងនៃវិទ្យាស្ថានខេមអេដ និងនិស្សិតជ័យលាភីប្រមាណ ១៣០នាក់។

ក្នុងឱកាសបើកកម្មវិធីលោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានថ្លែងសុន្ទរកថាអបអរសាទរ និងបង្ហាញមោទនភាពចំពោះ និស្សិតជ័យលាភីទាំងអស់ដែលបានខិតខំប្រឹងប្រែង រហូតទទួលបាន លទ្ធផលជោគជ័យក្នុងការប្រឡង។ លោកបានបញ្ជាក់ថា សមិទ្ធផលរបស់និស្សិតបានឆ្លុះបញ្ចាំងពីសមត្ថភាព និងជំនាញដែលមានគុណភាពខ្ពស់ លើវិស័យពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និង ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលជាមូលដ្ឋាន សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នាយកវិទ្យាស្ថានខេមអេដរូបនេះបានបន្ថែមថា ភាពជោគជ័យនេះ ក៏ជាការចូលរួម គាំទ្រដល់បេសកកម្មរបស់លោក ប៊ូ ថារិន ក្នុងការលើកកម្ពស់តម្លាភាពនៃការរាយការណ៍ របាយការណ៍ហិរញ្ញវត្ថុដែលជា ចំណុចសំខាន់សម្រាប់ការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំក្រុមហ៊ុននិង អ្នកវិនិយោគ ទាំងក្នុងស្រុក និងអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតបញ្ចប់ការសិក្សា នឹងដើរតួនាទីសំខាន់ក្នុងការគាំទ្រ អ្នកវិនិយោគដោយជួយណែនាំ និងធានាឲ្យអាជីវកម្មអនុវត្តតាមច្បាប់ ពន្ធដារតាំងពីដំណាក់កាលដំបូង។ ខណៈដែលជំនាញផ្នែកច្បាប់ពាណិជ្ជកម្ម នឹងអនុញ្ញាតឲ្យពួកគេ ផ្តល់យោបល់លើរចនាសម្ព័ន្ធក្រុមហ៊ុន និងការគ្រប់គ្រងស្របតាមច្បាប់ជាតិ។ នៅចុងបញ្ចប់លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការតាំងចិត្តរបស់និស្សិតទាំងអស់ និងជូនពរឲ្យបន្តទទួល បានជោគជ័យក្នុងអាជីពនិងជីវិតនាពេលអនាគត។

លទ្ធផលប្រឡងកម្មវិធីសញ្ញាបត្រខែធ្នូ ឆ្នាំ២០២៥ បង្ហាញថា មានបេក្ខជនចូលរួមប្រឡងសរុប ១,៤២៦ នាក់ ក្នុងកម្មវិធីសិក្សាសញ្ញាបត្រ ជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា ច្បាប់ពន្ធដារកម្ពុជា ច្បាប់ពាណិជ្ជកម្មកម្ពុជា និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ក្នុងនោះកម្មវិធីច្បាប់ពាណិជ្ជកម្មកម្ពុជា មានអត្រាជាប់ខ្ពស់ជាងគេ ៥៨% ខណៈសញ្ញាបត្រជាន់ខ្ពស់ផ្នែកពន្ធដារកម្ពុជា មានអត្រាជាប់ ៤២% ច្បាប់ពន្ធដារកម្ពុជា មានអត្រាជាប់ ២៦% និងស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិមានអត្រាជាប់ ១២%។

កម្មវិធីបណ្តុះបណ្តាលទាំងនេះ មានតួនាទីសំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា និងរួមចំណែកគាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម ឆ្នាំ២០២៥-២០៣៥ ដែលមានគោលបំណងកសាងប្រព័ន្ធគណនេយ្យ និងសវនកម្មមានតម្លាភាព និងអាចជឿទុកចិត្តបាន។ ជាមួយគ្នានេះផងដែរលោក បានលើកទឹកចិត្តដល់និស្សិតជ័យលាភីឱ្យបន្ត
អភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដោយគោរពតាមស្តង់ដារ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា៕