អ្នកប្រើ iPhone ប្រយ័ត្ន! មេរោគថ្មី «Darksword» កំពុងវាយលុក iPhone រាប់រយលានគ្រឿង លួចទាំងទិន្នន័យ និងលុយគ្រីបតូ

19-03-2026 13:18

(បរទេស)៖ អ្នកប្រើប្រាស់ iPhone ជុំវិញពិភពលោកកំពុងត្រូវបានព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខសាយប័របានរកឃើញមេរោគចារកម្មដ៏សាហាវថ្មីមួយឈ្មោះថា «Darksword»។ មេរោគនេះមានសមត្ថភាពខ្ពស់ក្នុងការលួចយកព័ត៌មានផ្ទាល់ខ្លួន និងជាពិសេសគឺលួចលុយពីកាបូបឌីជីថល (Cryptocurrency) របស់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ មេរោគនេះបាននិងកំពុងវាយលុកលើ iPhone ដែលប្រើប្រាស់ iOS ចាស់ៗ (ចាប់ពីកំណែ 18.4 ដល់ 18.6.2)។ ទោះបីជាក្រុមហ៊ុន Apple បានចេញកំណែអាប់ដេតដើម្បីជួសជុលបញ្ហានេះរួចហើយក្តី ប៉ុន្តែតាមការប៉ាន់ស្មាន នៅមាន iPhone ប្រហែល ២២០ ទៅ ២៧០ លានគ្រឿង ទៀតដែលមិនទាន់បានអាប់ដេត (Update) ដែលធ្វើឱ្យឧបករណ៍ទាំងនោះស្ថិតក្នុងភាពងាយរងគ្រោះបំផុត។

លោក Rocky Cole សហស្ថាបនិកក្រុមហ៊ុន iVerify បានបញ្ជាក់ថា ក្រុមចោរព័ត៌មានវិទ្យាបច្ចុប្បន្នហាក់មិនខ្លាចញញើតនឹងការលាតត្រដាងឡើយ ដោយសារពួកគេប្រើប្រាស់មេរោគនេះវាយប្រហារក្នុងទ្រង់ទ្រាយធំ។ លោកបានសង្កត់ធ្ងន់ថា៖ «ការពិតដែលថាពួកគេមិនខ្វល់ប្រសិនបើវាត្រូវបានគេរកឃើញ... នោះវាបានបញ្ជាក់យ៉ាងច្រើនអំពីតម្លៃដែលពួកគេផ្តល់ឱ្យឧបករណ៍ទាំងនេះ។ ពួកគេមិនសូវខ្វល់ខ្វាយពីការដែលវាត្រូវគេលាតត្រដាងនោះទេ»។

គួរជម្រាបថា មេរោគ Darksword នេះត្រូវបានអ្នកស្រាវជ្រាវរកឃើញដំបូងបង្អស់ដោយសារវាត្រូវបានគេបង្កប់នៅលើគេហទំព័ររាប់សិបនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងបំណងវាយលុកអ្នកចូលមើល។ អ្នកជំនាញសង្ស័យថាវាជាស្នាដៃរបស់ក្រុមប្រតិបត្តិកររុស្ស៊ី ដែលធ្លាប់ប្រើប្រាស់មេរោគស្រដៀងគ្នានេះកាលពីដើមខែមីនានេះ។ លោក Justin Albrecht អ្នកស្រាវជ្រាវនៅ Lookout បានព្រមានថា៖ «បច្ចុប្បន្នមានបណ្តាញនៃកូដមេរោគថ្មីៗដែលត្រូវបានផ្ទៀងផ្ទាត់... ដែលបានធ្លាក់ទៅក្នុងដៃរបស់ក្រុមឧក្រិដ្ឋជនដែលមានគោលដៅស្វែងរកផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ»

💡ការណែនាំ៖ ដើម្បីសុវត្ថិភាព សូមអ្នកប្រើប្រាស់ iPhone ទាំងអស់ប្រញាប់ចូលទៅពិនិត្យ និងអាប់ដេតទូរស័ព្ទរបស់ខ្លួនទៅកាន់កំណែចុងក្រោយបំផុត (Settings > General > Software Update) ជាបន្ទាន់ ដើម្បីការពារការលួចទិន្នន័យ និងទ្រព្យសម្បត្តិឌីជីថលផ្សេងៗ។