វិទ្យាល័យព្រែកលៀប បន្ដពង្រឹងសកម្មភាពកីឡា ដើម្បីលើកកម្ពស់ការសិក្សា និងសុខភាពសិស្សកាន់តែប្រសើរ

19-03-2026 14:31

(ភ្នំពេញ)៖ វិទ្យាល័យព្រែកលៀប ដែលជាសាលារៀនជំនាន់ថ្មី កំពុងបន្តពង្រឹងសកម្មភាពកីឡាយ៉ាងសកម្ម ដើម្បីលើកកម្ពស់ទាំងគុណភាពសិក្សា និងសុខុមាលភាពរបស់សិស្សានុសិស្ស។ ការយកចិត្តទុកដាក់លើវិស័យកីឡានេះ មិនត្រឹមតែជួយឱ្យសិស្សមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះស្មារតីសាមគ្គីភាព និងវិន័យ ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យក្នុងការសិក្សាផងដែរ។

នេះបើតាមការលើកឡើងរបស់លោក ឆុំ សុភក្ដិ នាយកវិទ្យាល័យព្រែកលៀប ក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្លិបកីឡារត់ ជីរ៉ាន់ កម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងផ្ដល់ការហ្វឹកហាត់ដ៏ត្រឹមត្រូវដល់សិស្សានុសិស្ស ប្រកបដោយសុវត្ថិភាព ដើម្បីទទួលបាននូវសុខភាពល្អ ចៀសវាងនូវផលប៉ះពាល់ផ្សេងៗ តាមរយៈការបង្ហាត់បង្រៀនដោយឥតគិតថ្លៃពីអ្នកជំនាញរបស់ក្លិប។

នាយកសាលាខាងលើបន្ដថា កិច្ចសហការនេះធ្វើឡើងដើម្បីលើកកម្ពស់សុខភាព និងបញ្ញាស្មារតី តាមរយៈការហ្វឹកហាត់ជាមួយអ្នកជំនាញកីឡារត់ បន្ថែមលើកម្មវិធីអប់រំកាយ និងកីឡា ដែលមានស្រាប់ក្នុងកម្មវិធីសិក្សារបស់សាលា ឆ្លើយតបទៅនឹងពេលវេលាសិក្សា ១ថ្ងៃពេញរបស់សិស្សានុសិស្សដែលសាលាកំពុងយកចិត្តទុកដាក់ស្របទៅនឹងផែនការកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារួមចំណែកអភិវឌ្ឍន៍កីឡាជាតិផងដែរ។

ក្នុងន័យនេះលោកសង្ឃឹមថា សិស្សានុសិស្សនឹងឆ្លៀតពេលទំនេរពីការសិក្សា ពិសេសរៀងរាល់ចុងសប្ដាហ៍ ក្នុងការចូលរួមហ្វឹកហាត់ជាមួយក្លិបជីរ៉ាន់-កម្ពុជា ដោយឥតគិតថ្លៃ ដើម្បីយល់ដឹងពីបច្ចេកទេស និងចំណេះដឹងថ្មីៗ ហើយក្លាយជាធនធានដ៏មានសក្ដានុពល ដែលអាចវិវឌ្ឍន៍ក្លាយជាកីឡាករចូលរួមកម្មវិធីប្រកួតផ្សេងៗ ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ក៏ដូចជាលើកកម្ពស់បញ្ញាស្មារតី ដើម្បីជំរុញឲ្យការសិក្សារបស់សិស្សានុសិស្សកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នា កញ្ញា យ៉ាន់ សុជី ប្រធានក្លិបជីរ៉ាន់-កម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពយុវជនកម្ពុជា តាមរយៈបទពិសោធន៍ និងចំណេះជំនាញកីឡាអត្តពលកម្ម ក្នុងការចែករំលែកដល់សិស្សានុសិស្ស។ កញ្ញាបានចាត់ទុកនេះជារបកកំហើញថ្មីមួយ ក្នុងការបញ្ជ្រាបការអប់រំកាយ ចូលក្នុងប្រព័ន្ធអប់រំ ដើម្បីអភិវឌ្ឍន៍ធនធានយុវជននៅកម្ពុជា ប្រកបដោយសមត្ថភាព សម្រាប់រួមចំណែកអភិវឌ្ឍសង្គមជាតិនាថ្ងៃអនាគត។

កញ្ញាបន្ដថា «យើងខ្ញុំសង្ឃឹមថា របកកំហើញថ្មីនេះ នឹងអាចចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ដែលមានសមត្ថភាពពេញលេញ ទាំងចំណេះវិជ្ជា ចរិយាសម្បទា និងកាយសម្បទា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិយើង ព្រោះក្លិបរបស់យើងជឿជាក់ថា យុវជនរឹងមាំ ប្រទេសជាតិយើងនឹងរឹងមាំ ហើយសុភមង្គលគ្រួសារ គឺកើតចេញពីសុខភាពរបស់សមាជិកគ្រប់រូប។ ហេតុនេះរំពឹងថា MoU នេះ នឹងទទួលបានការគាំទ្រ និងចូលរួមច្រើនពីប្អូនសិស្សានុសិស្សនៅសាលារៀនជំនាន់ថ្មី ព្រែកលៀប»៕