Kane រកបាន ៥០គ្រាប់នៅ UCL តាមរយៈប្រើពេល ៦៦ប្រកួត គ្រាដែល Haaland លេងតែ ៤៩លើក

19-03-2026 15:05

(បរទេស)៖ ខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់បាល់កើនដល់ ៥០គ្រាប់ ក្នុងក្របខណ្ឌលីគអឺរ៉ុប UEFA Champions League ពីការចូលលេង ៦៦ប្រកួត បន្ទាប់ពី Erling Haaland របស់ Manchester City ធ្វើបាននូវចំនួននេះ ដោយចូលលេងបានតែ ៤៩ប្រកួតប៉ុណ្ណោះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស វ័យ ៣២ឆ្នាំ Kane រកបាន ២គ្រាប់យប់មិញពេលក្លិប Bayern Munich បំបាក់ Atalanta មកពីអ៉ីតាលី ៤-១ បញ្ចប់ជើងទី២ នៃវគ្គ ១៦ក្រុម UCL បន្ថែមលើជ័យជម្នះ ៦-១ កាលពីជើងទី១។

តាមរយៈ ៥០គ្រាប់ពីការចូលលេង ៦៦លើកនេះដែរ មានន័យថា អតីតកីឡាករក្លិប Spurs រូបនេះតាមស្មើកំណត់ត្រារបស់ Lionel Messi នៅពានអឺរ៉ុប និងមានរយៈពេលតិចជាង ២៥ប្រកួតឯណោះ បើធៀបគ្នានឹង Cristiano Ronaldo នៃកម្មវិធីកម្រិតកំពូល Champions League។

ក្រុមជើងឯកលីគអាល្លឺម៉ង់ Bayern ដែលឈ្នះ UCL លើកចុងក្រោយកាលឆ្នាំ២០២០ ត្រូវប្រឈមមុខនឹង Real Madrid អតីតជើងឯក ១៥សម័យកាល និងលើកចុងក្រោយឆ្នាំ២០២៤ សម្រាប់វគ្គ ៨ក្រុមចុងក្រោយជាបន្តទៀត ពេលជើងទី១ លេងថ្ងៃទី០៨ ខែមេសាខាងមុខ៕