Elon Musk បញ្ជាក់ថា SpaceX AI និង Tesla នឹងបន្តបញ្ជាទិញបន្ទះឈីបពី Nvidia ក្នុងបរិមាណដ៏ច្រើន

19-03-2026 15:30

(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមហ៊ុន SpaceX, AI និង Tesla របស់លោក រំពឹងថានឹងបន្តបញ្ជាទិញបន្ទះឈីប (Chips) ពីក្រុមហ៊ុន Nvidia ក្នុងទ្រង់ទ្រាយធំជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ក្រុមហ៊ុន Tesla កំពុងរចនាបន្ទះឈីប AI ជំនាន់ទី ៥ (AI5) ផ្ទាល់ខ្លួន ដើម្បីជំរុញមហិច្ឆតារថយន្តបើកបរដោយស្វ័យប្រវត្តិ។ បន្ទះឈីបទាំងនេះ គឺជាខួរក្បាលនៃប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ Tesla រួមទាំងកម្មវិធី Full Self-Driving (FSD) ផងដែរ។ លោក Musk បានបញ្ជាក់លើបណ្តាញសង្គម X ថា បន្ទះឈីប AI5 អាចប្រើសម្រាប់ហ្វឹកហាត់ទិន្នន័យនៅក្នុង Data Centers បាន ប៉ុន្តែគោលដៅចម្បងគឺត្រូវបានបង្កើនប្រសិទ្ធភាពសម្រាប់ Edge Compute (ការគណនាផ្ទាល់លើឧបករណ៍) នៅក្នុងមនុស្សយន្ត Optimus និង Robotaxi។

នាយកប្រតិបត្តិ Tesla រូបនេះក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនរំពឹងនឹងបញ្ចេញបច្ចុប្បន្នភាពកម្មវិធី FSD (Supervised) ជាសាធារណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។ កាលពីថ្ងៃសៅរ៍មុន លោក Musk បាននិយាយថា គម្រោង Terafab របស់ Tesla សម្រាប់ផលិតបន្ទះឈីប AI នឹងត្រូវដាក់ឱ្យដំណើរការក្នុងរយៈពេល ៧ ថ្ងៃទៀត។

គួរជម្រាបថា កាលពីខែមុន SpaceX បានទិញយកក្រុមហ៊ុន xAI ក្នុងកិច្ចព្រមព្រៀងដោះដូរភាគហ៊ុន មុនពេលឈានទៅដល់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៃក្រុមហ៊ុន SpaceX នៅចុងឆ្នាំនេះ។ នេះគឺជាការបង្ហោះលើកដំបូងរបស់លោក Musk ដែលហៅអង្គភាពរួមបញ្ចូលគ្នានេះថា SpaceX AI៕