ប្រធាន NOCC ចាត់ទុកអាណត្តិទី៨ ជាអាណត្តិពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ

19-03-2026 16:05

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកអាណត្តិទី៨ ជាអាណត្ដិពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ ក្រោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ពិសេសមហាជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ (ឆ្នាំ២០២២-២០២៦) និងបន្ដអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

លោកទេសរដ្ឋមន្ដ្រីបានគូសរំឮកថា ចលលនាអូឡាំពិកកម្ពុជា គឺជាតំណាងចលនាអូឡាំពិកអន្តរជាតិប្រចាំកម្ពុជា ដែលមានសហព័ន្ធកីឡាជាតិជាសមាជិក និងដែគូអភិវឌ្ឍជំនាញវិជ្ជាជីវៈកីឡា ដែលគោរពទៅតាមស្មារតីរបស់ធម្មនុញ្ញអូឡាំពិកអន្តរជាតិ និងលក្ខន្តិកៈរបស់ខ្លួន។ ចលនាអូឡាំពិកកម្ពុជា មិនអាចដឹកនាំការអភិវឌ្ឍចលនាអូឡាំពិកបានទេ ប្រសិនមិនមានការជ្រោមជ្រែងឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នាលោកបណ្ឌិត ថោង ខុន ក៏បានរំលេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលសម្រេចបានក្នុងអាណត្ដិចាស់ រយៈពេល ៤ឆ្នាំកន្លងមក។

លោកថា «អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ គឺពិតជាអាណត្តិពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ ពិសេសរាជរដ្ឋាភិបាល និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានផ្តល់សិទ្ធិ និងបេសកកម្មដ៏ធំមួយដល់ NOCC ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាលទ្ធផលបានជោគជ័យលើសពីការរំពឹងទុកសម្រាប់កំណត់ត្រាប្រវត្តិសាស្រ្តកីឡាជាតិ ៦៤ឆ្នាំ និងសម្រាប់កិត្តិយសកិត្យានុភាពជាតិ និងចលនាអូឡាំពិកកម្ពុជា»

លើសពីនេះស្ថិតក្រោមការដឹកនាំ និងគាំទ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិ បានសម្រេចនូវសមិទ្ធផលធំៗជាច្រើនទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាល និងការប្រកួតប្រជែង ទាំងក្របខណ្ឌកីឡាមហាជន និងកីឡាជំនាញកម្រិតខ្ពស់ ក៏ដូចជាកិច្ចសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នកីឡាអន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាឲ្យកាន់តែរីកចម្រើន រហូតត្រូវបានស្ងើចសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ចំពោះសមិទ្ធផលទាំងអស់នោះ។

លោកទេសរដ្ឋមន្ដ្រីបន្ដទៀតថា «បន្ទាប់ពីជោគជ័យធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ NOCC ក៏ទទួលបានការផ្តល់សេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល គណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី អនុញ្ញាតជាគោលការណ៍ឲ្យធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ និងកីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០៣១ ដែលក្នុងនោះ NOCC បានចុះហត្ថលេខាលើកិច្ចសន្យាទីក្រុងធ្វើម្ចាស់ផ្ទះ ហើយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នាធ្វើម្ចាស់ផ្ទះ និងរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតរួចហើយ និងកំពុងបន្តនីតិវិធីរៀបចំសមាសភាពថ្នាក់ដឹកនាំតាមខ្លឹមសារអនុក្រឹត្យបង្កើតគណៈកម្មាធិការជាតិរៀបចំ»