សាលារៀន ហេរីងតុន អន្តរជាតិ ចុះ MoU ជាមួយក្រុមហ៊ុន Navitas ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកមាគ៌ាអប់រំជាសកល

19-03-2026 17:22

(ភ្នំពេញ)៖ សាលារៀន ហេរីងតុន អន្តរជាតិ (Herrington International School) បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន Navitas នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្កើតកិច្ចសហការជាយុទ្ឋសាស្ត្រ ក្នុងគោលបំណងពង្រីកមាគ៌ាអប់រំជាសកល ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ សម្រាប់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការអប់រំ និងផ្តល់ឱ្យសិស្សនូវផែនទីបង្ហាញផ្លូវច្បាស់លាស់ ទៅកាន់គ្រឹះស្ថាន ឧត្តមសិក្សាដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះត្រូវបានប្រារព្ធឡើងនៅសាលារៀន ហេរីងតុន អន្តរជាតិ ដែលមានទីតាំងនៅបុរី ប៉េង ហួត បឹងស្នោ រាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោក Kevin Hieng ប្រធានក្រុមប្រឹក្សាភិបាលនៃសាលារៀន ហេរីងតុន អន្តរជាតិ និង អ្នកស្រី Nga Tran នាយិកាប្រចាំតំបន់នៃក្រុមហ៊ុន Navitas។

នៅក្នុងមតិស្វាគមន៍ លោក Kevin Hieng បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់សាលាចំពោះឧត្តមភាពនៃការសិក្សា និងការត្រៀមខ្លួន ជាសកល។ លោកបានកត់សម្គាល់ថា ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់សាលារៀន ហេរីងតុន អន្តរជាតិ ក្នុងការរៀបចំសិស្សឱ្យ មានមូលដ្ឋានគ្រឹះរឹងមាំ និងទស្សនវិស័យជាសកល ដោយដឹកនាំសិស្សានុសិស្ស ឆ្ពោះទៅកាន់សាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក។

លោក Kevin Hieng បានបញ្ជាក់ថា «តាមរយៈកិច្ចសហការនេះ សិស្សានុសិស្សរបស់ សាលារៀន ហេរីងតុន អន្តរជាតិ នឹងទទួលបានការតម្រង់ផ្លូវឆ្ពោះទៅកាន់សាកលវិទ្យាល័យអន្តរជាតិនានា។ ក្រុមហ៊ុន Navitas ដែលមានថ្នាក់បរិញ្ញាបត្រជាង ៣៥០០ នៅទូទាំងសាកលវិទ្យាល័យចំនួន ៣៩ នៅទូទាំងពិភពលោក រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងប្រទេស ផ្សេងៗជាច្រើនទៀត នេះគឺជាស្ពានសម្រាប់អនាគតសិស្សរបស់យើងឆ្ពោះទៅកាន់អន្តរជាតិ»។

លោកបានបន្ថែមថា សម្រាប់សិស្សានុសិស្សរបស់សាលារៀន ហេរីងតុន អន្តរជាតិ ការចុះអនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវបានមើលឃើញថា ជាការកំណត់ទិសដៅច្បាស់លាស់មួយ សម្រាប់អនាគតសិក្សារបស់ពួកគេ ការសិក្សានៅក្នុងបរិយាកាសសកល និងការចូលរួមប្រកួតប្រជែងជាអន្តរជាតិដោយមានទំនុកចិត្ត។ ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងផ្ដល់នូវភាពច្បាស់លាស់ និងការណែនាំកាន់តែប្រសើរឡើង សម្រាប់សិស្សដែលស្វែងរកឱកាសអប់រំជាសកលប្រកបដោយគុណភាព តាមរយៈបណ្ដាញរបស់ Navitas។

លោកស្រី Nga Tran បានថ្លែងថា «Navitas មានបំណងនាំយកនូវបទពិសោធន៍អន្តរជាតិ ដែលមានតម្លៃ និងសារៈសំខាន់មកកាន់សាលារៀន ហេរីងតុន អន្តរជាតិ រួមមាន សិក្ខាសាលា សម្រាប់រៀបចំសិស្ស ដើម្បីឱ្យពួកគេត្រៀមខ្លួនក្នុងដំណើរសិក្សានៅសាកលវិទ្យាល័យ ឬព្រឹត្តិការណ៍តំរង់ទិសអាជីពជាដើម ពីព្រោះសកម្មភាពទាំងនេះ ត្រូវបានរចនាឡើងដើម្បីផ្ដល់ឱ្យសិស្សនូវបទពិសោធន៍ដំបូងចំពោះការសិក្សាដែលមានស្ដង់ដារអន្តរជាតិ និងជួយពួកគេអភិវឌ្ឍជំនាញ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យនៅបរទេស»

នាឱកាសនោះ លោកស្រី Nga Tran បានប្រកាសពីការផ្តល់អាហារូបករណ៍សម្រាប់សិស្សានុសិស្សនៃសាលារៀន ហេរីងតុន អន្តរជាតិ ដើម្បីផ្តល់ឱកាសឱ្យពួកគេកសាងសមត្ថភាព និងទេពកោសល្យ ដែលបម្រើឱ្យមហិច្ឆតាក្នុងការរីកចម្រើនរបស់ពួកគេ។

ក្របខ័ណ្ឌនៃកិច្ចសហការនេះ តំណាងឱ្យឱកាសដ៏សំខាន់សម្រាប់សិស្សសាលារៀន ហេរីងតុន អន្តរជាតិ ក្នុងការទទួលបានផ្លូវឆ្ពោះទៅកាន់សាកលវិទ្យាល័យឈានមុខគេ។ តាមរយៈការបញ្ចូលបណ្តាញអប់រំជាសកលរបស់ Navitas ជាមួយនឹងមូលដ្ឋានគ្រឹះការសិក្សារបស់ សាលារៀន ហេរីងតុន អន្តរជាតិ សិស្សានុសិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការតម្រង់ទិសការសិក្សា និងការអភិវឌ្ឍដែលមានរចនាស ម្ព័ន្ឋល្អ ដើម្បីទទួលបានជោគជ័យក្នុងដំណើរសិក្សាអន្តរជាតិរបស់ពួកគេ។

កិច្ចព្រមព្រៀងនេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ទាំងសាលារៀន ហេរីងតុន អន្តរជាតិ និងក្រុមហ៊ុន Navitas ក្នុងបំណងរួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាពជោគជ័យរបស់សិស្ស និងលទ្ឋភាពក្នុងការសិក្សានៅទូទាំងពិភពលោក។

Navitas គឺជាអ្នកផ្តល់សេវាអប់រំឈានមុខគេជាសកល ដែលផ្តល់សេវាកម្មអប់រំយ៉ាងទូលំទូលាយដល់សិស្សជាង ៦០,០០០ នាក់ តាមរយៈបណ្តាញមហាវិទ្យាល័យ និងសាខាជាង ១០០ កន្លែង ក្នុង ១៨ ប្រទេស។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យតភ្ជាប់ផ្លូវទៅកាន់ សាកលវិទ្យាល័យ Navitas ផ្តល់នូវកម្មវិធីមុនសាកលវិទ្យាល័យ និងកម្មវិធីសាកលវិទ្យាល័យ ការបណ្ដុះបណ្ដាលភាសា និងការអប់រំ ផ្នែកប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត (Creative Media) ដោយចាប់ដៃគូជាមួយសាកលវិទ្យាល័យលំដាប់កំពូលៗក្នុងប្រទេសអូស្ត្រាលី កាណាដា អឺរ៉ុប ចក្រភពអង់គ្លេស នូវែលសេឡង់ សិង្ហបុរី សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីធានាបាននូវជោគជ័យរបស់សិស្សក្នុងពិភពលោកដែលជំរុញដោយបច្ចេកវិទ្យា។

សូមជម្រាបថា សាលារៀន ហេរីងតុន អន្តរជាតិ គឺជាគ្រឹះស្ថានសិក្សាដែល អនុវត្តតាមស្តង់ដារអន្តរជាតិដែលទទួលស្គាល់ជាសកល រួមមាន Cambridge Assessment International Examinations (CAIE) Council of British International Schools (COBIS) ដើម្បីធានាថា សិស្សានុសិស្សទទួលបានកម្មវិធីសិក្សាដែលមានស្តង់ដារសកល និងត្រៀមខ្លួនសម្រាប់ការបន្តការសិក្សា នៅសាកលវិទ្យាល័យឈានមុខ និងឱកាសអនាគតនៅជុំវិញពិភពលោក សាលាក៏ត្រៀមនឹងបើកដំណើរការ នៅខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅក្នុង បុរី ប៉េង ហួតបឹងស្នោរដែលបរិវេណសាលាមានបំពាក់សម្ភារៈ បរិក្ខារសិក្សារទំនើបៗ រួមមានអាងហែលទឹកពីរផ្លូវរត់ប្រណាំង តារាងបាល់ទាត់ បាល់បោះ និងសាលតន្ត្រី សិល្បៈ និងបន្ទប់កំព្យូទ័រ iMac Lab។

សាលារៀន ហេរីងតុន អន្តរជាតិ មានការប្ដេជ្ញាចិត្តយ៉ាងមាំមួនចំពោះសុខុមាលភាព សុវត្ថិភាព និងការការពារ សិស្សានុសិស្ស។ សាលាបានអនុវត្តប្រព័ន្ធ និងគោលនយោបាយការពារសុវត្ថិភាពអន្តរជាតិយ៉ាងរឹងមាំ ដែលត្រូវបានរៀបចំឡើងដើម្បី ការពារ គាំទ្រ និងថែរក្សាកុមារ សិស្សានុសិស្សគ្រប់រូប ដោយផ្តល់ភាពជឿជាក់ដល់មាតាបិតាថាបុត្រធីតា របស់ពួកគាត់កំពុងសិក្សានៅ ក្នុងបរិយាកាសដែលមានសុវត្ថិភាព និងការគាំទ្រយ៉ាងពេញលេញ៕