ទេសរដ្ឋមន្ដ្រី ថោង ខុន ជាប់ឆ្នោតបន្ដធ្វើប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី៩

19-03-2026 17:54

(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ បន្ដជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អាណត្តិទី៩ ឆ្នាំ២០២៦-២០៣០)។

ការគាំទ្របេក្ខភាពថ្នាក់ដឹកនាំចលនាអូឡាំពិកកម្ពុជានេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងបន្ដអាណត្តិទី៩ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមបើកពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិចាស់ លោកបណ្ឌិត ថោង ខុន គឺជាបេក្ខភាពតែមួយរូបគត់ ដែលឈរឈ្មោះបន្ដជាបេក្ខភាពប្រធានអាណត្តិថ្មី ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិ ក៏បានបោះឆ្នោតគាំទ្រ ១០០% ដល់លោកទេសរដ្ឋមន្ដ្រី ក្នុងការបន្ដដឹកនាំ និងធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅអាណត្តិទី៩ បន្ដទៀត។

ថ្លែងក្នុងពិធីបើកមហាសន្និបាតនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្នាដៃ និងសមិទ្ធផលធំៗ ដែលចលនាអូឡាំពិកកម្ពុជា សម្រេចបានក្នុងអាណត្តិទី៨ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន ក្រោមកិច្ចខិតខំប្រឹងប្រែងបំពេញការងារ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ និងសហព័ន្ធកីឡាជាតិ ដែលធ្វើឲ្យកិត្យានុភាពកីឡាជាតិ លេចត្រដែតលើឆាកអន្ដរជាតិ ពិសេសមហាជោគជ័យដ៏អស្ចារ្យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំតែម្ដង៕