ថ្នាក់ដឹកនាំវិសាខា ចាត់ទុកគ្រប់ដៃគូឯកជន សុទ្ធតែជាចំណែកអភិវឌ្ឍន៍បាល់ទាត់ នៅកម្ពុជា
19-03-2026 21:14
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្លិបបាល់ទាត់វិសាខា បានចាត់ទុកវិស័យឯកជនជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកទ្រទ្រង់ និងអភិវឌ្ឍន៍ក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់នៅកម្ពុជា ទោះបីជាការឧបត្ថម្ភក្នុងកម្រិតតិចក្ដី ឬច្រើនក្ដី។
នេះបើតាមការលើកឡើងរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា អគ្គនាយិកាក្លិបខាងលើ បន្ទាប់ពីវិសាខា បានបន្ដចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយដៃគូឧបត្ថម្មថ្មីពីហាងបារាយណ៍កាហ្វេ នៅកីឡដ្ឋានវិសាខាកាលពីថ្មីៗ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្លិបដដែលបន្ដថា «ក្នុងនាមក្លិបមួយ ដើម្បីទ្រទ្រង់ក្លិប យើងតែងព្យាយាមរកដៃគូឧបត្ថម្ភថ្មីៗ។ អ៊ីចឹងបានគាត់មករួមចំណែកជួយយើង ទោះជាគាត់ឧបត្ថម្ភជាលក្ខណៈ In Kind មែន តែក៏ជាអ្វីដែលយើងត្រូវការរាល់ថ្ងៃ ដែលជាការរួមចំណែកលើកកម្ពស់សុខភាពដល់កីឡាករ-កីឡាការិនី ឆ្ពោះទៅការអភិវឌ្ឍ និងរីកចម្រើន សម្រាប់បង្កើនការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព និងគុណផលល្អប្រសើរ»។
ជាមួយគ្នា កញ្ញា ជា មករា តំណាងដៃគូសហការថ្មីរបស់ក្លិបខាងលើ បានបង្ហាញនូវមោទនភាព ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រវិសាខា ដែលជាក្លិបស្ដង់ដារ និងមានរចនាសម្ព័ន្ធដ៏ទំនើបជាច្រើន ពិសេសមានថ្នាក់ដឹកនាំ ក្រុមការងារ និងធនធានកីឡាករ-កីឡាការិនីដ៏ល្អ រហូតសម្រេចបានសមិទ្ធផលជាច្រើន។ លើសពីនេះ កញ្ញាក៏ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រដល់គម្រោងបង្កើតសាលាបាល់ទាត់វិសាខា នៅស្រុកកំចាយមា ខេត្តព្រៃវែង ក្នុងការផ្សព្វផ្សាយឲ្យកុមារ និងយុវជនក្នុងស្រុក ត្រៀមចូលរួមហ្វឹកហាត់ ដើម្បីអាចឈានទៅសម្រេចក្ដីស្រម៉ៃ ក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតផងដែរ៕








