លោក ថោង ខុន ប្ដេជ្ញារួមចិត្ត រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ជាមួយសសរស្ដម្ភទាំង ៣ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជាតិ និងចលនាអូឡាំពិកកម្ពុជា

20-03-2026 08:07

(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្តេជ្ញាចិត្តខ្ពស់ក្នុងការ រួមចិត្ត រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ជាមួយសសរស្ដម្ភទាំង ៣ គឺក្រសួងអប់រំ យុវជន និងកីឡា, NOCC និងសហព័ន្ធកីឡាជាតិ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាជាតិ និងចលនាអូឡាំពិកកម្ពុជា ស្របតាមគោលនយោបាយកីឡារបស់រាជរដ្ឋាភិបាល ឆ្ពោះទៅរកឧត្តមភាព និងសក្ដានុពល ទាំងលើឆាកជាតិ និងអន្ដរជាតិ។

ការតាំងចិត្តនេះ បន្ទាប់ពីលោកបានទទួលការគាំទ្របន្ដជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២២-២០២៦ និងបន្ដអាណត្តិថ្មី ដោយមានការចូលរួមជាសក្ខីភាពពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាតំណាងសហព័ន្ធកីឡាជាតិជាច្រើន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីបិទមហាសន្និបាតខាងលើ ក្រៅពីបង្ហាញមោទនភាព ចំពោះសមិទ្ធផលជាច្រើនក្នុងអាណត្តិចាស់ លោកក៏បានក្រើនរំឮកដល់គ្រប់ភាគីពាក់ព័ន្ធ មិនត្រូវស្កប់ស្កប់ ផ្តេកផ្តួលពេក ឬអំនួតពេក រហូតដល់ភ្លេចចំណុចខ្សោយ ចំណុចខ្វះខាត និងបញ្ហាប្រឈមជាច្រើន ដែលរង់ចាំទាំងអស់គ្នា បន្តសាមគ្គីភាពសម្រួចឆន្ទៈ តស៊ូ ពុះពារ បន្ថែមថាមពល កម្លាំងកាយចិត្តបន្តទៀត ដើម្បីដោះស្រាយ និងសម្រេចឲ្យបាននូវកាលានុវត្តន៍ភាពថ្មីៗ សម្រាប់ចលនាអូឡាំពិកកម្ពុជា។

ជាមួយគ្នា លោកទេសរដ្ឋមន្ដ្រី ថោង ខុន ក៏បានអរគុណសហព័ន្ធកីឡាអូឡាំពិកជាតិ សហព័ន្ធកីឡាមិនអូឡាំពិក និងអង្គមហាសន្និបាតទាំងមូល ដែលបានបន្តជឿជាក់ និងផ្តល់សេចក្តីទុកចិត្តលើរូបលោក និងសមាជិកប្រតិបត្តិទាំងអស់ ឲ្យបន្តបេសកកម្មបម្រើចលនាអូឡាំពិកកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។

លោកបន្ដទៀតថា «ក្នុងនាមសមាជិកប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អាណត្តិថ្មី សូមបេជ្ញាចិត្ត រួមចិត្ត រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវជាមួយសសរស្តម្ភទាំង បី គឺ “ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ” ដើម្បីអភិវឌ្ឍវិស័យកីឡាជាតិ និងចលនាអូឡាំពិកកម្ពុជា ឈានទៅរកឧត្តមភាព សក្តានុពលភាពកីឡា ប្រកបដោយចីរភាព និងបរិយាបន្ន។

លោកសង្កត់ធ្ងន់ទៀតថា «ដោយឡែកក្នុងនាមប្រមុខដឹកនាំចលនាអូឡាំពិកកម្ពុជា ខ្ញុំសូមបន្តបេជ្ញាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល គាំទ្រពេញទំហឹងរាល់គោលនយោបាយ វិធានការនានា របស់រាជរដ្ឋាភិបាល ពិសេសអភិក្រមប្រកបដោយគុណតម្លៃខ្ពស់ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “នាំគ្នាសម្អាតផ្ទះយើងឱ្យស្អាត មុនទៅសម្អាតផ្ទះអ្នកដទៃ”។ ពិសេសចូលរួមយ៉ាងសកម្មក្នុងស្ថានភាពសន្ដិសុខរបស់ជាតិ ការលំបាក បញ្ហាប្រឈមរបស់ជាតិជាមួយរាជរដ្ឋាភិបាល ដើម្បីបង្ហាញពីឆន្ទៈ និងស្មារតីរបស់ចលនាអូឡាំពិក គឺស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងសង្គមជាតិជានិច្ចកាល»

គួរដឹងថា ក្នុងអាណត្តិថ្មីរបស់ NOCC អាណត្តិទី៩ គឺមានសមាជិកគណៈកម្មការប្រតិបត្តិសរុប ១៣រូប ដែលបន្ដដឹកនាំដោយលោកបណ្ឌិត ថោង ខុន ជាប្រធាន ព្រមទាំងនាយឧត្តមសេនីយ៍ សៅ សុខា ជាអនុប្រធានទី១, លោក អ៊ុក សិទ្ធជាតិ, លោក ជា បូរ៉ា និងលោក ថាំង ហ្គោដុន ជាអនុប្រធាន, លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ, លោក លី កុសល ជាអគ្គហិរញ្ញ រួមជាមួយអគ្គលេខាធិការង និងសមាជិក ៦រូបផ្សេងទៀត៕