Grab និង T.O Group ចុះ MoU ជាយុទ្ធសាស្ត្រ ដើម្បីរួមបញ្ចូលការកុម្មង់ និងដឹកជញ្ជូនម្ហូបអាហាររបស់ Grab ទៅក្នុងប្រព័ន្ធគ្រប់គ្រងការលក់ (POS)
20-03-2026 09:43
(ភ្នំពេញ)៖ ក្រុមហ៊ុន Grab និងក្រុមហ៊ុន T.O Group Co., Ltd. នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយបង្កើតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីរួមបញ្ចូល API នៃការកុម្មង់និងដឹកជញ្ជូនម្ហូបអាហាររបស់ Grab ជាមួយប្រព័ន្ធគ្រប់គ្រងការលក់ (POS) របស់ T.O Group។
កិច្ចសហការនេះនឹងអនុញ្ញាតឱ្យដៃគូអាជីវកម្មរបស់ Grab (Grab Merchant Partners) អាចភ្ជាប់ការកុម៉ង់ម្ហូបអាហាររបស់ GrabFood ដោយផ្ទាល់ទៅកាន់ប្រព័ន្ធ POS របស់ T.O Group ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មគ្រប់គ្រងការកុម៉ង់តាមអនឡាញ និងការលក់ផ្ទាល់នៅក្នុងហាងតាមរយៈប្រព័ន្ធរួមតែមួយ។
តាមរយៈការរួមបញ្ចូលគ្នានេះ អាជីវករនឹងទទួលបានអត្ថប្រយោជន៍ពីការធ្វើសមកាលកម្មការកុម៉ង់ដោយស្វ័យប្រវត្តិ ការសម្រួលដល់ប្រតិបត្តិការ និងការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការកុម៉ង់ ការទូទាត់ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។
ចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ៖
*ការរួមបញ្ចូល GrabFood Order API៖ ក្រុមហ៊ុន T.O Group នឹងបញ្ចូល API នៃការកុម្មង់និងដឹកជញ្ជូនម្ហូបអាហាររបស់ Grab ទៅក្នុងប្រព័ន្ធ POS របស់ខ្លួន ដែលអនុញ្ញាតឱ្យអាជីវករទទួល និងគ្រប់គ្រងការកុម៉ង់ម្ហូបអាហាររបស់ GrabFood ដោយស្វ័យប្រវត្តិនៅក្នុងប្រព័ន្ធ POS របស់ពួកគេផ្ទាល់។
*ការគាំទ្រដល់បរិវត្តកម្មឌីជីថលសម្រាប់អាជីវករនៅកម្ពុជា៖ កិច្ចសហការនេះមានគោលបំណងគាំទ្រដល់ភោជនីយដ្ឋាន និងអាជីវកម្មនានានៅក្នុងប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលទំនើបៗໆ ដែលជួយសម្រួលដល់ការគ្រប់គ្រងការបញ្ជាទិញ និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ។
*ការពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាក្នុងស្រុក៖ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ Grab និង T.O Group ក្នុងការរួមចំណែកដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា តាមរយៈការផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតសម្រាប់អាជីវកម្មក្នុងស្រុក។
លោកស្រី ហេង វត្តី នាយកក្រុមហ៊ុន T.O Group បានមានប្រសាសន៍ថា៖ «កិច្ចសហការជាមួយ Grab នេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ T.O Group ក្នុងខណៈពេលដែលយើងបន្តអភិវឌ្ឍប្រព័ន្ធ POS កម្រិតខ្ពស់ និងដំណោះស្រាយកម្មវិធីអាជីវកម្មសម្រាប់អាជីវករកម្ពុជា។ តាមរយៈការបញ្ចូលសេវាកម្មកុម៉ង់ម្ហូបនិងដឹកជញ្ជូនម្ហូបអាហាររបស់ Grab ទៅក្នុងប្រព័ន្ធ POS របស់យើង យើងមានគោលបំណងជួយឱ្យអាជីវកម្មនានាគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងកែលម្អបទពិសោធន៍ទូទៅរបស់អតិថិជន»។
លោក Mike Kang នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Grab កម្ពុជានិងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «យើងដឹងហើយថាក្នុងអំឡុងពេលប្រញាប់ខ្លាំងសម្រាប់អាហារថ្ងៃត្រង់ ពេលវេលាគ្រប់វិនាទីគឺសំខាន់ណាស់។ តាមរយៈការរួមបញ្ចូលដោយផ្ទាល់នូវប្រព័ន្ធគ្រប់គ្រងការលក់ (POS) របស់ក្រុមហ៊ុន T.O Group យើងកំពុងតែដកការធ្វើការដោយដៃចេញពីដៃគូអាជីវករ។ ដៃគូរបស់យើងមិនចាំបាច់បើកឧបករណ៍ច្រើន ឬបញ្ចូលការបញ្ជាទិញឡើងវិញដោយដៃទៀតទេ។ នេះគឺជាការផ្តល់ពេលវេលាដល់ម្ចាស់អាជីវកម្មត្រឡប់មកវិញ ដើម្បីឱ្យពួកគាត់អាចផ្តោតលើអ្វីដែលពួកគាត់ធ្វើបានល្អបំផុត ដូចជាការរៀបចំអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ និងបម្រើអតិថិជនរបស់ពួកគាត់»។
អំពីក្រុមហ៊ុន Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រតិបត្តិការក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Grab បម្រើសេវាកម្មជាង GOO ទីក្រុង នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីappតែមួយ។
Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានបេសកកម្មដើម្បី ជំរុញតំបន់អាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ ដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ខិតខំបម្រើសេវាកម្ម ដោយផ្តោតលើគោលការណ៍សំខាន់ៗបីយ៉ាង ក្នុងគោលបំណងផ្តល់ផលហិរញ្ញវត្ថុក្នុងពេលដំណាលគ្នាសម្រាប់ម្ចាស់ភាគហ៊ុន ផ្តល់ផលវិជ្ជមានដល់សង្គម រួមទាំងការពង្រឹងផ្នែកសេដ្ឋកិច្ចសម្រាប់ប្រជាជនរាប់លាននាក់នៅក្នុងតំបន់ ការរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។
អំពីក្រុមហ៊ុន T.O Group Co., Ltd. គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាដែលមានឯកទេសលើការចែកចាយផ្នែកព័ត៌មានវិទ្យា (IT) ដំណោះស្រាយបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីអាជីវកម្ម។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបាននិងកំពុងផ្តល់នូវប្រព័ន្ធ POS និងដំណោះស្រាយកម្មវិធីសហគ្រាស ដែលជួយឱ្យអាជីវកម្មនានាកែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងគាំទ្រដល់បរិវត្តកម្មឌីជីថល៕
ទំនាក់ទំនងផ្នែកសារព័ត៌មាន៖ T.O Group Co., Ltd. អ៉ីមែល៖ [email protected], ទូរស័ព្ទ៖ +855 93 999 258










