ធនាគារ «វីង» សហការជាមួយអង្គការ «Good Return» ផ្តល់ឥណទានដល់ «MSMEs» ក្នុងវិស័យទេសចរណ៍នៅកម្ពុជា
20-03-2026 11:27
(ភ្នំពេញ)៖ ធនាគារ វីង ត្រៀមកញ្ចប់ឥណទានរហូតដល់ ៦០០.០០០ដុល្លារអាមេរិក សម្រាប់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍ ជាមួយអាត្រាការប្រាក់ទាបបំផុត ៨.៥% ក្នុងមួយឆ្នាំ។
ធនាគារ វីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការ Good Return ដើម្បីពង្រីកការផ្តល់ឥណទានដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក្នុងវិស័យទេសចរណ៍នៅកម្ពុជា សំដៅគាំទ្រដល់កំណើនអាជីវកម្ម និងភាពរីកចម្រើនយូរអង្វែង។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍,លោក យឹម លាត ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកតំណាងក្រុមហ៊ុន Visa និងមូលនិធិអាស៊ី។
បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា «សហគ្រាស MSMEs ដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ហើយធនាគារ វីង ប្តេជ្ញាចិត្តមោះមុតក្នុងការជួយជ្រោមជ្រែង ឱ្យសហគ្រាសទាំងនេះអាចរីកលូតលាស់ទៅមុខបាន។ តាមរយៈភាពជាដៃគូនេះ យើងកំពុងជួយសម្រួលដល់អាជីវកម្មខ្នាតតូច កាន់តែងាយស្រួលក្នុងការទទួលបានប្រភពទុន ដែលពួកគេត្រូវការ។ គោលដៅរបស់យើងគឺសាមញ្ញបំផុត ពោលគឺគាំទ្រសហគ្រិនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគេអាចពង្រឹងអាជីវកម្មរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត»។
លោក Bénigne du Parc នាយកកម្មវិធីអង្គការ Good Return បានលើកឡើងថា «ដំណាក់កាលសាកល្បងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់អង្គការ Good Return ដើម្បីធានាថា កំណើនទេសចរណ៍នៅកម្ពុជា ពិតជាបានផ្តល់ឱកាសជាក់ស្តែងសម្រាប់អាជីវកម្មខ្នាតតូច និងអាជីវកម្មដែលដឹកនាំដោយស្ត្រី។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ វីង និងមូលនិធិអាស៊ី ព្រមទាំងមានការគាំទ្រពីក្រុមហ៊ុន Visa តាមរយៈកម្មវិធី Vee Together យើងកំពុងប្រើប្រាស់យន្តការធានាឥណទានចំគោលដៅ ដើម្បីជួយ MSMEs ឱ្យទទួលបានហិរញ្ញប្បទាន បន្សំខ្លួនទៅនឹងដំណោះស្រាយទូទាត់ឌីជីថល និងចូលរួមឱ្យកាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ចទេសចរណ៍។ តាមរយៈការជំរុញឱ្យអាជីវកម្មទាំងនេះអាចទទួលការទូទាត់តាមកាតអន្តរជាតិ និងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុឌីជីថល គំនិតផ្តួចផ្តើមនេះ រំពឹងថា នឹងជួយគាំទ្រដល់ MSMEs ដឹកនាំដោយស្ត្រី និងជួយរក្សាស្ថិរភាពការងារនៅតាមបណ្តាខេត្ត-ក្រុងទេសចរណ៍សំខាន់ៗ ឱ្យកាន់តែប្រសើរទៀតផង»។
វិស័យទេសចរណ៍ ស្ថិតក្នុងចំណោមសសរស្តម្ភសេដ្ឋកិច្ចទាំងបួនរបស់កម្ពុជា។ ក្នុងឆ្នាំ ២០២៥ វិស័យនេះបានរួមចំណែកបង្កើតប្រាក់ចំណូលប្រមាណ ៣,៧ ពាន់លានដុល្លារ ដែលមានការកើនឡើង ៣% ធៀបនឹងឆ្នាំមុន ព្រមទាំងបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់។ តាមរយៈភាពជាដៃគូនេះ ធនាគារ វីង នឹងត្រៀមកញ្ចប់ឥណទានរហូតដល់ ៦០០.០០០ ដុល្លារអាមេរិក សម្រាប់ពង្រីកសមត្ថភាព MSMEs ក្នុងវិស័យទេសចរណ៍ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើននៃវិស័យនេះ។ ទន្ទឹមនឹងនេះ អង្គការ Good Return នឹងផ្តល់ការធានាឥណទានដល់អាជីវកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជួយឱ្យពួកគេទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួល និងមានសុវត្ថិភាពជាងមុន។
កិច្ចសហការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្ម រួមបញ្ចូលឌីជីថល (DICE) របស់ក្រុមហ៊ុន Visa ដែលត្រូវបានអនុវត្តក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍, ធនាគារ វីង, អង្គការ Good Return, ក្រុមហ៊ុន Visa និងមូលនិធិអាស៊ី។ ស្ថិតក្រោមក្របខណ្ឌនៃកម្មវិធីនេះ អង្គការមូលនិធិអាស៊ីនឹងផ្តល់ការបណ្តុះបណ្តាលចំណេះដឹង ហិរញ្ញវត្ថុឌីជីថលដល់ MSMEs ដើម្បីជួយឱ្យពួកគេអាចប្រើប្រាស់ ប្រភពទុនប្រកបដោយប្រសិទ្ធភាព សម្រាប់ការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។
គួររំឭកថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមប្រមាណ ៧៥៣.០០០ អាជីវកម្ម ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣លាននាក់ ក្នុងនោះ ៦០% គឺជាស្ត្រី ខណៈដែល MSMEs បានរួមចំណែករហូតដល់ ៦៣% នៃទំហំសេដ្ឋកិច្ចជាតិ៕








