ប្រធានក្លិប ISI ថា បាល់ទាត់ត្រូវការគាំទ្រយូរអង្វែង និងអត់ធ្មត់ខ្ពស់

20-03-2026 11:39

(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍបាល់ទាត់ ត្រូវការគាំទ្រយូរអង្វែង ពិសេសវិស័យឯកជន និងត្រូវការភាពអត់ធ្មត់ខ្ពស់ ដើម្បីឈានទៅភាពជោគជ័យ។

ការលើកឡើងនេះ បន្ទាប់ពីក្លិបទើបទម្លាក់ក្រុមខ្លាំងភ្នំពេញក្រោន ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) នេះ បានចុះអនុស្សារណៈនៃការយោគយល់ បន្ដភាពជាដៃគូសហការឆ្នាំទី៤ ជាមួយក្រុមហ៊ុន Panasonic Cambodian នៅកីឡដ្ឋាន អាយអេសអាយ ផាក កាលពីថ្មីៗ។

លោកថា រយៈពេល ៤ឆ្នាំ បន្ទាប់ពីក្លិបឡើងមកលេងលីគកំពូលកម្ពុជា ISI តែងប្រកាន់ជំហរផ្ដោតលើយុវជន ក្រោមគោលការណ៍អភិវឌ្ឍន៍សន្សឹមៗ តែយូរអង្វែង ហើយកិច្ចសហការនេះ ពិតជាស្របទៅនឹងចក្ខុវិស័យរបស់ក្លិប ទោះបីមិនមានអ្វីថ្មី តែការបន្ដភាពជាដៃគូ គឺជារឿងចាំបាច់។ ថ្វីបើក្លិបពុំទទួលបានលទ្ធផលល្អប្រសើរក្នុងលីគ តែយ៉ាងណាក្លិបបាននឹងកំពុងអភិវឌ្ឍ និងរីកចម្រើនជាបន្ដបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។

ប្រធានក្លិបដដែលបន្ដថា «រយៈពេល ៤ឆ្នាំ មិនមែនជាពេលវេលាខ្លី ហើយក៏មិនវែងពេកដែរ តែជាពេលវេលាមួយបង្ហាញថា ការគាំទ្ររបស់ក្រុមហ៊ុនមកកាន់ក្លិប ISI ដង្កោសែនជ័យ គឺយូរអង្វែង។ បាល់ទាត់ត្រូវការយូរអង្វែង មិនមែន ១ឆ្នាំ ឬ ២ឆ្នាំ ទទួលបានលទ្ធផលទេ ដូចយុវជនយើង ដែលចាប់ផ្ដើមពី U16 មិនមែន ៤ឆ្នាំ ឃើញលទ្ធផលភ្លាមទេ។ អ៊ីចឹងកិច្ចសហការ ៤ឆ្នាំ និងអាចបន្ដទៅមុខទៀតនេះ បង្ហាញថា ការគាំទ្របាល់ទាត់ត្រូវការយូរអង្វែង និងភាពអត់ធ្មត់»

សូមរំឮកថា ផ្ដើមពីក្លិបពាក់កណ្ដាលអាជីព មុនគ្រងជើងឯកលីគទី២ ដើម្បីឡើងមកលេងលីគកំពូលកម្ពុជា នាឆ្នាំបន្ទាប់ ISI ដង្កោសែនជ័យ ពុំទាន់ទទួលបានលទ្ធផលគួរឲ្យកត់មស្គាល់ក្នុងលីគ តែអ្វីដែលជាភាពរីកចម្រើន គឺការរៀបចំក្រុម និងហេដ្ឋារចនាសម្ព័ន្ធ ដ្បិតពួកគេ ក៏ធ្លាប់ឈ្នះក្លិបធំៗជាច្រើនផងដែរ រាប់ចាប់ពីព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និងវិសាខា ជាដើម។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺការសាងកំណត់ត្រាប្រវត្តិសាស្ដ្រថ្មីសម្រាប់ក្លិប ក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូង នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៩ ក្រោយទម្លាក់ក្រុមការពារជើងឯកភ្នំពេញក្រោន កាលពីថ្ងៃពុធកន្លងទៅតែម្ដង៕