វគ្គកំណត់ជោគវាសនា បើភ្លាត់ស្នៀតដឹងតែទឹកភ្នែក! តើបេក្ខជន «Top 4 CAMBO RAPPER» រូបណា នឹងទទួលបានពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រ?
20-03-2026 12:56
(ភ្នំពេញ)៖ CAMBO RAPPER ត្រៀមស្វាគមន៍ជើងខ្លាំង ដើម្បីកាន់ពានក្នុងសង្វៀនរ៉េបនៅចុងសប្តាហ៍នេះហើយ ក្នុងចំណោមបេក្ខជនទាំង ៤រូបនេះ តើបេក្ខជនរូបណាដែលមានសមត្ថភាព និងអាចទទួលបានពានរង្វាន់ CAMBO RAPPER នៅក្នុងរដូវកាលនេះ?
សល់តែប៉ុន្មានថ្ងៃទៀត ដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀងរ៉េប CAMBO RAPPER ហើយ កំដៅក៏ចាប់ផ្តើមក្តៅជាងមុនដែរ ដូចដែលមហាជនបានឃើញស្រាប់ ឆ្លងកាត់ការប្រកួត និងការហ្វឹកហាត់យ៉ាងស្វិតស្វាញនាពេលកន្លងមក មានទាំងទឹកភ្នែក រន្ធត់ និងញើសស្រក់ពេញឆាកនៅលើសមរភូមិ CAMBO RAPPER រហូតរើសបានបេក្ខជនដ៏មានទេពកោលស្យ និងសុទ្ធតែជាជើងខ្លាំងចំនួន ៤រូប ដើម្បីបន្តឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដែលត្រៀមនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទល់មុខផ្សារទំនើប ជីបម៉ុង ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ កុំភ្លេចចូលរួមគាំទ្របេក្ខជន Top4 CAMBO RAPPER ឱ្យបានច្រើនដើម្បីជាកម្លាំងចិត្តដល់ពួកគេ។
បេក្ខជនទាំង ៤រូប ដែលឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះរួមមាន បេក្ខជន Ak-K, SINA, B2 និងបេក្ខជន 4L ពួកគេសុទ្ធសឹងតែជាជើងខ្លាំង និងមានសមត្ថភាពខ្ពស់នៅក្នុងការច្រៀងចម្រៀងរ៉េប។ សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ បើបេក្ខជនណាហ៊ានតែភ្លាត់ស្នៀតបន្តិច ច្បាស់ជាបរាជ័យ ទឹកភ្នែកនិងវេចសំពាយត្រឡប់ទៅផ្ទះជាក់ជាមិនខាន។
មិនដឹងថា ក្នុងចំណោមបេក្ខជនជើងខ្លាំងទាំង ៤រូបនេះ តើនរណានឹងក្លាយទៅជាម្ចាស់ពាន និងជាម្ចាស់ប្រាក់រង្វាន់ ១០០លានរៀល ពីឆាកប្រឡងចម្រៀងរ៉េប Cambo Rapper ក្នុងរដូវកាលនេះទេ? បើចង់ជ្រាបច្បាស់មានតែចូលរួមទស្សនាការប្រកួត វគ្គផ្តាច់ព្រ័ត្រដោយផ្ទាល់ប៉ុណ្ណោះ។ មកទល់ពេលនេះការបោះឆ្នោតតាមរយៈ Scan QR ជ្រើសរើសដែលបេក្ខជនដែលបងប្អូនស្រឡាញ់នៅតែបន្ត កុំភ្លេចចូលរួមបោះឆ្នោតជ្រើសរើស បេក្ខជនដែលបងប្អូនពេញចិត្ត សំឡេងឆ្នោតរបស់បងប្អូន គឺជាកម្លាំងចិត្តនិងជាជណ្តើរនាំពួកគេទៅកាន់តំណែង ម្ចាស់កម្មវិធីប្រឡងចម្រៀងរ៉េប Cambo Rapper ដើម្បីបន្តក្តីស្រមៃ និងជោគវាសនា របស់ពួកគេទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា បេក្ខជនទាំង CAMBO RAPPER ទាំង ៤រូបនេះ សុទ្ធសឹងតែជាជើងខ្លាំងនិងមានសមត្ថភាពខ្ពស់ផ្សេងៗគ្នា ក្នុងវិស័យចម្រៀងរ៉េប។ ជាក់ស្តែងសម្រាប់បេក្ខជន AK-K ដែលមានរហស្សនាមអ្នកលេងដៃទទេ ពាក្យពេចន៍ចាក់ដោត និង Flow ដ៏ទាក់ទាញ។ បេក្ខជន SINA ឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ មិនមែនដោយសារសំណាងទេ តែដោយសារសមត្ថភាព និងទឹកដមសំឡេងប្រកបដោយមន្តស្នេហ៍ និងមានការច្នៃប្រឌិដ្ឋខ្ពស់ក្នុងការធ្វើបទចម្រៀងនីមួយៗ។ បេក្ខជន 4L បានធ្វើឱ្យមហាជនស្គាល់ច្បាស់ថា ជាបេក្ខជនដែលមានបច្ចេកទេសរ៉េបល្បឿនលឿន និងអត្ថន័យស៊ីជម្រៅ។ ចំណែកបេក្ខជន B2 វិញក៏មិនធម្មតាដែរ បានឆ្លងកាត់នូវឧបសគ្គជាច្រើន រូបគេមានសមត្ថភាពខ្ពស់ក្នុងការរ៉េបប្លែកពីគេ និងការសម្តែងពោរពេញដោយថាមពល៕







