FIFA កំពុងអង្រួនអាស៊ាន! តាមរយ:អនុម័តបង្កើតពាន ASEAN Cup ជាផ្លូវការ ប្រកួតពីខែកញ្ញាតទៅ

20-03-2026 14:05

(ភ្នំពេញ)៖ ក្រុមប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានអនុម័តអនុញ្ញាតឲ្យរៀបចំពានរង្វាន់ប្រចាំតំបន់អាស៊ាន FIFA ASEAN Cup ជាផ្លូវការហើយ ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាសារព័ត៌មានអន្ដរជាតិ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ទន្ទឹមនឹងការផ្សព្វផ្សាយខាងលើ លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបញ្ជាក់ថា នេះគឺជាការពិតដោយក្រុមប្រឹក្សា FIFA បានយល់ព្រមអនុម័តបង្កើតពាន FIFA ASEAN Cup កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។ ការអនុម័តនេះស្របតាមស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ដែលប្រធាន FIFA បានចូលរួមកាលពីខែតុលា ឆ្នាំ២០២៥។

ដោយឡែកពាក់ព័ន្ធនឹងកាលបរិច្ឆេទនៃការប្រកួត សារព័ត៌មាន The Strait Times បានទម្លាយថា គ្រោងនឹងដំណើរការពីខែកញ្ញា ដល់ខែតុលាខាងមុខ។ តែជុំវិញលក្ខខណ្ឌ ឬនីតិវិធី ក៏ដូចជារបៀបការប្រកួតយ៉ាងណា មិនទាន់ត្រូវបានបញ្ជាក់លម្អិតនោះទេ។

គួរដឹងថា ការបង្កើតពានរង្វាន់ថ្មីកម្រិតតំបន់ដែលហៅថា FIFA ASEAN Cup នេះ ត្រូវបានផ្ដួចផ្ដើមឡើង ដើម្បីលើកកម្ពស់កម្រិតបាល់ទាត់ក្នុងតំបន់អាស៊ានទាំង ១១ប្រទេស ហើយវិវឌ្ឍន៍រីកចម្រើនមួយកម្រិតទៀត ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងរបស់ FIFA ផងដែរ៕