សាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា ចុះ MOU ជាមួយក្រុមហ៊ុន Navitas ដើម្បីពង្រីកមាគ៌ាសិក្សាដល់សិស្សានុសិស្សជាការអប់រំជាសកល

20-03-2026 15:27

(ភ្នំពេញ)៖ សាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា (Bromsgrove International School Cambodia)នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន Navitas ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររួមគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំអន្តរជាតិ។ កិច្ចសហការនេះមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដ៏ទូលំទូលាយ និងការតម្រង់ទិសច្បាស់លាស់សម្រាប់សិស្សានុសិស្ស ក្នុងការចូលរួមកម្មវិធីសិក្សាអន្តរជាតិ និងឈានទៅការបន្តការសិក្សានៅបរទេស នៅសាកលវិទ្យាល័យល្បីៗដែលត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងនៅក្នុងសាលសន្និសីទរបស់សាលាអន្តរជាតិប្រូមស៍ហ្ក្រូវ កម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងតំណាង បណ្តាក្រុមហ៊ុនជាដៃគូទាំងអស់ផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ា កែវ សម្បត្តិ ស្ថាបនិក និងជាប្រធាននាយកប្រតិបតិ្ត នៃ សាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា (Bromsgrove International School Cambodia) និងអ្នកស្រី Nga Tran នាយិកាប្រចាំតំបន់នៃស្ថាប័ន Navitas។

លោកឧកញ៉ា កែវ សម្បត្តិ ជាស្ថាបនិក និង ជាប្រធាននាយកប្រតិបតិ្ត របស់ សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃភាពជាដៃគូនេះផងដែរថា «កិច្ចសហប្រតិបត្តិការនេះ គឺឆ្លុះបញ្ជាំងពីកិច្ចខិតខំ ប្រឹង ប្រែងក្នុងការស្វែងរក និងផ្តល់ជូននូវការអប់រំដែលជាមូលដ្ឋានគ្រីះ និងការតម្រង់ទិសសិក្សារបស់សិស្សានុសិស្សទៅកាន់សកលវិទ្យាល័យនានាទូទាំងសកលលោក»

តាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់សិស្សានុសិស្សសាលាអន្តរជាតិប្រូមស៍ហ្ក្រូវកម្ពុជា ក្នុងការឈានទៅរកកម្មវិធីសិក្សានៅសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក។ តាមរយៈការបញ្ចូលបណ្តាញអប់រំជា សកល និងបទពិសោធន៍ជាង៣០ឆ្នាំ នៅក្នុងវិស័យអប់រំរបស់ Navitas សិស្សានុសិស្ស នឹងអាចទទួលបាននូវអត្ថប្រយោជន៍ពីការពង្រីកកិច្ចការទំនាក់ទំនងទៅកាន់អន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍សិក្សា និងឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យនៅក្រៅប្រទេសជាច្រើន រួមមានចក្រភពអង់គ្លេស អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដាសិង្ហបុរី និងប្រទេសជាច្រើនទៀត ព្រមទាំងលើកកម្ពស់ដល់ការអនុវត្តន៍កម្មវិធីសិក្សាដោយស្របទៅនឹងបទដ្ឋានសិក្សាជាសកល។

តំណាងឲ្យស្ថាប័ន Navitas អ្នកស្រី Nga Tran បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រីកគុណភាពអប់រំ និងជំរុញឱ្យសិស្សានុសិស្សសម្រេចបាននូវសក្ដានុពលសិក្សារបស់ពួកគេ។ អ្នកស្រីបានលើកឡើងថា តាមរយៈការផ្តល់កម្មវិធីតម្រង់ទិសសិក្សាដែលមានភាពច្បាស់លាស់ សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍ក្នុងបរិយាកាសអប់រំដែលមានបទដ្ឋានអន្តរជាតិ ព្រមទាំងអភិវឌ្ឍជំនាញសំខាន់ៗ ដើម្បីត្រៀមខ្លួនឲ្យរួចរាល់ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យនានាទូទាំងសកលលោក។ Navitas គឺជាស្ថាបន័ផ្តល់សេវាអប់រំឈានមុខគេលើពិភពលោក ដែលផ្តល់សេវាកម្មអប់រំយ៉ាងទូលំទូលាយដល់សិស្សជាង ៦០,០០០ នាក់ តាមរយៈបណ្តាញមហាវិទ្យាល័យ និងសាខាជាង ១០០កន្លែង ក្នុង ១៨ប្រទេស រួមមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ញូវហ្សេឡែន អាឡឺម្ល៉ង់ សិង្ហបុរី និងប្រទេសផ្សេងៗជាច្រើនទៀត។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា និងស្ថាប័ន Navitas ក្នុងការរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីភាពជោគជ័យរបស់សិស្ស លទ្ធភាពនៃការបន្តការសិក្សានៅជុំវិញពិភពលោក និងដើម្បីរក្សានូវគោលជំហរជាសាលាអន្តរជាតិដែលនាំមុខគេនៅកម្ពុជាផងដែរ។

សាលាអន្តរជាតិប្រូមស៍ហ្រ្កូវកម្ពុជា បាននាំមកនូវការអប់រំតាមបែបចក្រភពអង់គ្លេសដែលមានប្រភពចេញសាលាប្រូមស៍ហ្រ្កូវនៅចក្រភពអង់គ្លេសដែលមានអាយុកាល និងបទពិសោធន៍ជិត៥០០ ឆ្នាំ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងការផ្តល់នូវកម្មវិធីអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា តាមបទដ្ឋាននៃកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស ។ សាលាមានឆន្ទៈខ្ពស់ក្នុងការផ្តល់នូវការអប់រំបែបអន្តរជាតិប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតទៅលើឧត្តមភាពនៃការសិក្សា ការអភិវឌ្ឍបុគ្គលិកលក្ខណៈ និងភាពជាប្រជាពលរដ្ឋសកល។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សាលាចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មីចាប់ពីពេលនេះតទៅ។ សម្រាប់ព័ត៌មានលំអិត សូមអញ្ជើញទំនាក់ទំនងមកកាន់សាលា តាមរយៈទូរស័ព្ទ ឬ តេលេក្រាមលេខ ០១២ ៧១៨ ៥៥៥ ឬ ០១៦ ៧១៨ ៥៥៥ ៕