ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក ដើម្បីផ្តល់អត្ថប្រយោជន៍ពិសេសសម្រាប់ធានារ៉ាប់រងដល់អតិថិជនអ៊ីអនកាត

20-03-2026 15:45

(ភ្នំពេញ)៖ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក ជាផ្លូវការ ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដែលមានគោលបំណងបង្កើនការចូលរួមរបស់អតិថិជន និងពង្រីកដំណោះស្រាយធានារ៉ាប់រងដែលមានតម្លៃសមរម្យសម្រាប់អតិថិជនអ៊ីអនកាត នៅប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅ KY iCenter ជាន់ទី២៨ អគារលេខ៤១ ផ្លូវ៣៦០ ភូមិ៧ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងពីស្ថាប័នទាំងពីរ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងបែបរួមបញ្ចូល ដើម្បីឆ្លើយតបតាមតម្រូវការដែលកំពុងផ្លាស់ប្តូរជូនដល់អតិថិជន។

ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦មក ក្រុមការងាររបស់ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក បានធ្វើការសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំគ្រោងការណ៍ភាពជាដៃគូ ស្របតាមគោលបំណងយុទ្ធសាស្ត្ររួម ក្នុងការផ្តល់អត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេស ដល់អតិថិជនអ៊ីអនកាត និងបង្កើនបទពិសោធន៍អតិថិជនឱ្យកាន់តែប្រសើរ។ ក្នុងដំណើរការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ដោយយល់ព្រមផ្តល់អត្ថប្រយោជន៍ផ្តាច់មុខសម្រាប់អតិថិជនអ៊ីអនកាត។
ថ្លែងក្នុងពិធីនេះ លោក Tomohiro Usami អគ្គនាយកនៃធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី ក៏បានមានប្រសាសន៍ថា៖

«ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី មានជំនឿយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នានេះជាមូលដ្ឋានរឹងមាំ សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង គំនិតផ្តួចផ្តើមរួមគ្នា និងជាកត្តាអភិវឌ្ឍន៍អាជីវកម្មប្រកបដោយចីរភាព។ យើងនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារសេវាកម្ម និងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។»
ជាផ្នែកមួយនៃកិច្ចសហការនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក បានបញ្ជាក់អំពីកម្មវិធីបញ្ចុះតម្លៃបុព្វលាភធានារ៉ាប់រងពិសេស សម្រាប់អតិថិជនអ៊ីអនកាតទាំងអស់ ដែលមានសុពលភាពរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ អត្រាបញ្ចុះតម្លៃនឹងប្រែប្រួលទៅតាមប្រភេទផលិតផល និងលក្ខខណ្ឌការធានារ៉ាប់រង ដោយមានគោលបំណងធ្វើឱ្យសេវាធានារ៉ាប់រងដំណើរការបានកាន់តែងាយស្រួល និងជំរុញការចូលរួមរបស់អតិថិជនឱ្យកាន់តែទូលំទូលាយ។

សូមជម្រាបដែរថា គំនិតផ្តួចផ្តើមនេះ មានគោលដៅដូចជា៖
១៖ ពង្រឹងដំណើរការនៃដំណោះស្រាយធានារ៉ាប់រងដែលមានតម្លៃសមរម្យ
២៖ បង្កើនការការពារហិរញ្ញវត្ថុ សម្រាប់អតិថិជន អ៊ីអនកាត
៣៖ លើកកម្ពស់ ការចូលរួម និងភាពស្មោះត្រង់របស់អតិថិជន តាមរយៈអត្ថប្រយោជន៍ផ្តាច់មុខសម្រាប់លោកអ្នកប្រើប្រាស់អ៊ីអនកាត។

ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថាជាមូលដ្ឋានសំខាន់សម្រាប់សកម្មភាពរួម កម្មវិធីផ្សព្វផ្សាយ និងគំនិតផ្តួចផ្តើមថ្មីៗសម្រាប់អតិថិជន នាពេលអនាគត។ ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ភាពជាដៃគូនេះ នឹងនាំទៅរកកិច្ចសហការរយៈពេលវែង ប្រកបដោយភាពច្នៃប្រឌិត និងការរួមចំណែកវិជ្ជមានដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា៕