ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) សហការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត» នៅមន្ទីរពេទ្យកាល់ម៉ែត
20-03-2026 16:52
(ភ្នំពេញ)៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានចូលរួមសហការឧបត្ថម្ភ ក្នុងកម្មវិធី បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត»។
ពិធីនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងវត្តមានចូលរួម ពីសម្តេចព្រះឧត្ដមវង្សាបណ្ឌិត គូ សុភាព សមាជិកថេរសភា នៃព្រះពុទ្ធសាសនានៅកម្ពុជា លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិ ផ្តល់ឈាម និងវត្តមានថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនស្ម័គ្រចិត្ត។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានថ្លែងថា ពិតណាស់ ការបរិច្ចាគឈាម មិនមែនគ្រាន់តែជា ការជួយសង្គ្រោះជីវិត អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់នូវ «ក្តីសង្ឃឹម» ដល់ក្រុមគ្រួសារ នៃជនរងគ្រោះគ្រប់ៗរូប។ បុព្វហេតុនេះ វីតាល់ បានចាប់ផ្តើមបេសកកម្ម លើកិច្ចការមនុស្សធម៌ជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម តាមរយៈមូលនិធិ២៥រៀល របស់វីតាល់ តាំងពីបដិសន្ធិ ជិត ២ទសវត្ស មកដល់ពេលនេះ វីតាល់នៅតែ ប្តេជ្ញា បន្តរួមចំណែក សកម្មភាពដ៏ប្រពៃនេះ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រោះបច្ចុប្បន្នកាល លោកជំទាវយល់ថា ឈាមមិនអាចផលិតដោយរោងចក្របានទេ មានតែការបរិច្ចាគ ការលះបង់មួយ ចេញពីក្រអៅបេះដូង និងរាងកាយ របស់មនុស្សជាតិ។
បើតាមលោកស្រី ជឹង សុគន្ធាវី ការប៉ះទង្គិចនៅព្រំដែន គ្រូពេទ្យ (កងទ័ពអាវ ស) ពិតជាមានការលះបង់ខ្ពស់ ក្នុងការចូលរួមនៅសមរភូមិ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះ ដល់កងទ័ពជួរមុខ ក្នុងកិច្ចការពារបូរណ ភាពដែនដី ក៏ដូចជាបានយកចិត្តទុកដាក់ ក្នុងការមើលថែព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋ ដែលកំពុងភៀសសឹក។ ដូច្នេះ ក្នុងនាម ពលរដ្ឋខ្មែរ ១រូប លោកជំទាវ សូមថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ ក្រោមការដឹកនាំ របស់លោករដ្ឋមន្ត្រី ជាពិសេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំ ខ្នះខ្នែងគ្រប់មធ្យោបាយ ដើម្បីជំរុញការដោះស្រាយដោយសន្តិវិធី និងការមើលថែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខរបស់ពលរដ្ឋនៅតាមបណ្តាយ ព្រំដែន និងតំបន់ភៀសសឹក ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងបញ្ជាក់ដែរថា «សូមចងចាំថា កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេ»។ លោកបន្តថា ការបរិច្ចាគឈាមម្តង ទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង ឱ្យបានដឹងពីស្ថានភាពជំងឺ ឆ្លងផ្សេងៗដូចជា ៖ ជំងឺថ្លើមប្រភេទ បេស ស្វាយ អេដស៍។
លោកថា ក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរក្សាការសម្ងាត់ ផ្តល់ប្រឹក្សា និងរក្សានូវឯកជនភាពជូន។ ចំពោះអត្ថប្រយោជន៍វិញ នឹងជួយកាត់បន្ថយផងដែរ នូវហានិភ័យនៃជំងឺមហារីកនានា, កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយនឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់សម្រាប់ វេជ្ជបណ្ឌិតក្នុងការសង្គ្រោះជីវិតអ្នកជំងឺ ។
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការបរិច្ចាគឈាម គឺជាសកម្មភាពវីរភាព ព្រោះអ្នកផ្តល់ឈាមគ្រប់រូប គឺជាអ្នកផ្តល់ជីវិត និងជាអ្នកសាបព្រោះក្តីសង្ឃឹម ថ្មីជូនអ្នកជំងឺដែលមានតម្រូវការ។ លោហិត ដែលចេញពីរាង្គកាយ របស់អ្នកបរិច្ចាគគ្រប់ៗរូប នឹងក្លាយជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សម្រាប់សង្គ្រោះជីវិត បងប្អូនជនរួមជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពអាសន្ននៅតាមមន្ទីរពេទ្យនានា។
ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់លោកស្រី ជឹង សុគន្ធាវី នៃក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) ដែលតែងតែសហការ ឧបត្ថម្ភ ដើម្បីរៀបចំកម្មវិធី ពិធីបរិច្ចាគឈាម និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរក្សា នូវប្រពៃណីដ៏ល្អប្រពៃនេះជារៀងរាល់ឆ្នាំ ជាពិសេសការបរិច្ចាគឈាម ធ្វើឡើងនៅមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងជិតឈានមកដល់នាពេលខាងមុខនេះ គឺជាការសាងកុសលដ៏ថ្លៃថ្លាបំផុត ព្រោះការលះបង់នូវអ្វីដែលជាផ្នែកនៃសរីរាង្គ ដើម្បីជីវិតអ្នកដទៃ គឺជាទានបារមីកម្រិតខ្ពស់ ដែលនាំមកនូវសិរីសួស្តី និងផលបុណ្យយ៉ាងច្រើនក្រៃលែង៕






















