ជឺជីតស៊ូ ប្រកាសបញ្ចូលកូនខ្មែរហ្វីលីពីនសញ្ជាតិអាមេរិក Zara ជាថ្នាលជាតិ ត្រៀមប្រកួតប្រជែងព្រឹត្តិការណ៍អន្ដរជាតិនានា

20-03-2026 21:04

(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រកាសចុះហត្ថលេខាជាផ្លូវការជាមួយកុមារី Zara «Zazabee» ជាអត្តពលិកយុវជនថ្នាលជាតិ សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍អន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ ខាងមុខ។

កុមារី Zara មានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិហ្វីលីពីន ហើយបច្ចុប្បន្នកំពុងរស់នៅទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក។ ត្រឹមវ័យ ១១ឆ្នាំ នាងបានបង្កើតកំណត់ត្រាប្រកួតប្រជែងដ៏រឹងមាំក្នុងវិស័យកីឡាជឺជីតស៊ូ និងកីឡាចំបាប់ ។ បន្ទាប់ពីបានជួបពិភាក្សាជាមួយអាណាព្យាបាល និងសាមីខ្លួន កំឡុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្មីៗ សហព័ន្ធក៏បានឈានដល់ការចុះហត្ថលេខា ដែលបានប្រកាសជាផ្លូវការតែម្ដង នៅថ្ងៃសុក្រនេះ។

យោងតាមការជូនដំណឹងរបស់សហព័ន្ធបានឲ្យដឹងថា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការជួប Zara និងម្តាយរបស់នាងក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗរបស់ពួកគេមកកាន់ប្រទេសកម្ពុជាកាលពីខែមុន។ យើងប្តេជ្ញាចិត្តក្នុងការបង្ហាញនូវអត្តសញ្ញាណ និងបន្តអភិវឌ្ឍអត្តពលិកថ្នាលរបស់កម្ពុជាដ៏មានទេពកោសល្យឲ្យបានល្អបំផុត ទាំងក្នុងស្រុក និងទូទាំងពិភពលោក»

ប្រភពដដែលបន្ដថា «យើងមើលឃើញអនាគតដ៏ភ្លឺស្វាងមួយនៅខាងមុខសម្រាប់ Zara ខណៈពេលដែលនាងកំពុងឈានទៅរកលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីតំណាងឲ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថាន បន្ទាប់មកគឺព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះប្រកបដោយមោទនភាព»