NOCC មានបេសកកម្មធំ ២ ត្រូវសម្រួចខ្លាំងក្នុងអាណត្តិទី៩

21-03-2026 08:51

(ភ្នំពេញ)៖ អាណត្តិទី៩ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឆ្នាំ២០២៦-២០៣០ បានបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិថ្មីរួចរាល់ ក្រោយប្រព្រឹត្តទៅប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងប្រជាធិបតេយ្យ យុត្តិធម៌ ដែលទទួលបានការគាំទ្រពីអង្គមហាសន្និបាតទាំងមូល ខណៈលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន បានជាប់ឆ្នោតធ្វើជាប្រធានបន្ដទៀត។

សម្រាប់អាណត្តិ ៤ឆ្នាំបន្ទាប់នេះដែរ NOCC បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រសំខាន់ៗជាច្រើន ដែលត្រូវបន្ដពួតដៃជាមួយសសរស្ដម្ភ ៣ (ក្រសួងអប់រំ យុវជន និងកីឡា, NOCC និងសហព័ន្ធកីឡាជាតិ) និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍចលនាអូឡាំពិកកម្ពុជា និងកីឡាជាតិឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅសម្រេចបានសមិទ្ធផលថ្មីៗ ពិសេសបេសកកម្មធំចំនួន ២ ដែល NOCC ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្លាំងក្នុងអាណត្តិថ្មីរបស់ខ្លួន។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការស្ថាប័នកីឡាកំពូលមួយនេះ បានបញ្ជាក់ក្រោយចប់មហាសន្និបាតកាលពីព្រហស្បត្តិថា អាណត្តិថ្មីនេះ គឺបន្ដពីអាណត្តិដ៏ជោគជ័យ កាលពីឆ្នាំ២០២២-២០២៦ ពិសេសមហាជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការណ៍នេះ NOCC បានចេញនូវគោលការណ៍យុទ្ធសាស្ដ្រសំខាន់ៗ សម្រាប់ ៤ឆ្នាំទៀត។ អ្វីដែលសំខាន់ គឺដំណើរឆ្ពោះទៅប្រជែងមេដាយអូឡាំពិក និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥។

លោកថា «យើងបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ ដើម្បីធ្វើឲ្យចលនាអូឡាំពិក រយៈពេល ៤ឆ្នាំទៀត មានវឌ្ឍនភាព និងកាលានុវត្តន៍ភាពថ្មី ក្នុងនោះយើងបានដាក់គោលដៅស្វែងរកការអភិវឌ្ឍធនធានមនុស្សជំនាញ និងការរៀបចំខ្លួន ដើម្បីចូលរួមការប្រកួត ជាពិសេសការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅអាមេរិក ជាមួយការដាក់ចេញនូវយុទ្ធនាការការស្វែងរកការគាំទ្រដល់ Cambodia Olympic Team សម្រាប់ត្រៀមអូឡាំពិក ឆ្នាំ២០២៨ ក៏ដូចជាអូឡាំពិក ឆ្នាំ២០៣២ នៅអូស្ដ្រាលី ផងដែរ»។

មន្ដ្រីជាន់ខ្ពស់ដដែលបន្ថែមថា «អ្វីដែលជាការកត់សម្គាល់ សហព័ន្ធកីឡាជាតិ បានយល់ច្បាស់អំពីអ្វីដែលត្រូវធ្វើ សម្រាប់ ៤ឆ្នាំទៀត ហើយការងារសំខាន់ គឺការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។ ការត្រៀមនេះ គឺជាការត្រៀមស្វែងរកនូវសមិទ្ធផល និងជោគជ័យបន្ថែមទៀត បន្ទាប់ពីមហាជោគជ័យស៊ីហ្គេម ឆ្នាំ២០២៣»

ការណ៍នេះ NOCC ចង់ឲ្យមានការធ្វើសុខដុមនីយកម្ម រវាងមហាគ្រួសារកីឡាជាតិ ស្របតាមប្រសាសន៍ថ្នាក់ដឹកនាំាក្រសួង ក៏ដូចជាចលនាអូឡាំពិក គឺការធ្វើសមាហរណកម្មជាមួយគ្នា រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ គឺជារឿងសំខាន់ឆ្ពោះទៅរកជោគជ័យ នៃកីឡាជាតិ និងចលនាអូឡាំពិក។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា «នេះគឺជាចំណុចសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវតែចងចាំ និងនាំគ្នាឆ្ពោះទៅមុខជានិច្ច ព្រោះកីឡា ក៏ជាសមិទ្ធផលមួយ សម្រាប់ទាក់ទាញនូវរូបភាពវិជ្ជមានទាំងឡាយរបស់ជាតិផងដែរ។ យើងសង្ឃឹមថា អាណត្តិថ្មីនេះ នឹងក្លាយទៅជាចលករ និងជាកម្លាំងថ្មីទៀត សម្រាប់កីឡាជាតិ ហើយនឹងអាចមានអ្វីថ្មីៗ សម្រាប់កីឡាកម្ពុជាទៅថ្ងៃអនាគតទៀត»