មេធំ Pinterest ជំរុញឱ្យពិភពលោកហាមក្មេងក្រោម ១៦ឆ្នាំ លេងបណ្តាញសង្គម ដើម្បីការពារសុខភាពផ្លូវចិត្ត

21-03-2026 10:14

(បរទេស)៖ លោក Bill Ready នាយកប្រតិបត្តិ (CEO) នៃបណ្តាញសង្គម Pinterest បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោកបានអំពាវនាវឱ្យមេដឹកនាំពិភពលោក បង្កើតច្បាប់ហាមឃាត់យុវជនដែលមានអាយុក្រោម ១៦ ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម។ លោកបានសង្កត់ធ្ងន់តាមរយៈអត្ថបទមួយលើ LinkedIn ថា៖ «យើងត្រូវការស្តង់ដារច្បាស់លាស់មួយ៖ មិនត្រូវឱ្យមានការប្រើប្រាស់បណ្តាញសង្គមសម្រាប់យុវជនអាយុក្រោម ១៦ ឆ្នាំនោះទេ ដោយត្រូវមានការអនុវត្តច្បាប់ពិតប្រាកដ និងមានការទទួលខុសត្រូវពីសំណាក់ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ក៏ដូចជាកម្មវិធីដែលដំណើរការលើទូរស័ព្ទទាំងនោះ»។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

ការអំពាវនាវនេះធ្វើឡើងស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google និង Meta កំពុងប្រឈមមុខនឹងបណ្តឹងនៅតុលាការក្រុង Los Angeles ជុំវិញការចោទប្រកាន់ថា កម្មវិធីរបស់ពួកគេបានបង្កឱ្យមាន «វិបត្តិសុខភាពផ្លូវចិត្ត» ដល់ស្រទាប់យុវជន។ ខុសពីមេដឹកនាំបច្ចេកវិទ្យាដទៃទៀត លោក Ready បានបង្ហាញជំហរគាំទ្រលើគំរូនៃប្រទេសអូស្ត្រាលី ដែលបានដាក់ចេញនូវវិធានការតឹងរ៉ឹងលើការកម្រិតអាយុអ្នកប្រើប្រាស់ ដើម្បីធានាសុវត្ថិភាពផ្លូវចិត្តដល់កុមារ និងប្អូនៗជំទង់។

គួរជម្រាបថា ទោះបីជាបច្ចុប្បន្ន Pinterest កំណត់អាយុអ្នកប្រើប្រាស់ចាប់ពី ១៣ ឆ្នាំឡើងទៅក៏ដោយ ប៉ុន្តែក្រុមហ៊ុននេះកំពុងក្លាយជាគោលដៅពេញនិយមបំផុតសម្រាប់យុវជនជំនាន់ Z (Gen Z)។ យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ Apptopia បានបង្ហាញថា មួយភាគបីនៃអ្នកប្រើប្រាស់ Pinterest គឺជាយុវជនដែលមានអាយុចន្លោះពី ១៧ ដល់ ២៥ ឆ្នាំ។ ការចេញមុខមកតវ៉ារបស់ CEO រូបនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏ប្លែកមួយ ក្នុងការទទួលខុសត្រូវចំពោះផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើសង្គម៕