ជើងឯកវាយកូនបាល់ថ្នាក់ជាតិ បញ្ចប់ដោយជោគជ័យ ខណៈក្រសួងការពារជាតិ និងមហាផ្ទៃ ឈ្នះមេដាយមាសស្មើដូចគ្នា

21-03-2026 10:29

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលទើបដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ នៅទីលានពហុកីឡដ្ឋានជាតិ (អូឡាំពិក) បានបញ្ចប់ដោយជោគជ័យ ដោយក្រុមកីឡាវាយកូនបាល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ២គ្រឿងដូចគ្នា។

យោងតាមរបាយការណ៍លោក ជា ពៅ នាយករៀបចំការប្រកួតបានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួម ៦២នាក់ មកពី ៩សមាគម/ក្លិប ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលកីឡាករ-កីឡាការិនីចូលរួម ពិសេសថ្នាលវ័យក្មេងចន្លោះអាយុ ១៣-១៤ឆ្នាំ ដែលបានបង្ហាញគុណភាពបច្ចេកទេសខ្ពស់ បន្ទាប់ពីពួកគេបានឆ្លងកាត់ការប្រកួតអន្ដរជាតិនាពេលកន្លងមក។

ជាលទ្ធផលបច្ចេកទេសក្រោយបញ្ចប់ការប្រកួតដ៏ស្វិតស្វាញ ក្រសួងការពារជាតិ ដណ្តើមបានមេដាយច្រើនជាងគេសរុប ៥គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ១) គ្រាដែលក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៤គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ១)។ រីឯខេត្តបាត់ដំបងឈ្នះមេដាយប្រាក់ ១ ឈរលេខ៣ ខណខេត្តព្រះវិហារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿងដូចគ្នា។

សម្រាប់ពិធីបិទការប្រកួត និងបំពាក់មេដាយជយលាភីនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី ស៊ុំ សុខា អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងអគ្គលេខាធិការសហព័ន្ធលោក ទេព រិទ្ធីវិទ្ធ ព្រមទាំងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាជំនាញ នៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ៕