ក្រុមហ៊ុនយក្សខកចិត្តនឹង ChatGPT ព្រោះបើកផ្លូវឱ្យផ្សាយពាណិជ្ជកម្មយឺតពេក
21-03-2026 11:04
(បរទេស)៖ ការប្រកាសសាកល្បងដាក់ផ្ទាំងពាណិជ្ជកម្មនៅលើ ChatGPT កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងពិភពបច្ចេកវិទ្យា។ ប៉ុន្តែ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មធំៗលើពិភពលោក បែរជាបង្ហាញការរអ៊ូរទាំទៅវិញ បើទោះបីជាពួកគេបានត្រៀមលុយរាប់សែនដុល្លារដើម្បីចាយលើ ChatGPT ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។
ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មយក្សដូចជា WPP និង Omnicom បានត្រៀមថវិកាខ្ទង់ ២០០,០០០ ទៅ ២៥០,០០០ ដុល្លារ ក្នុងមួយក្រុមហ៊ុន ដើម្បីសាកល្បងផ្សព្វផ្សាយផលិតផលរបស់ពួកគេ។ ប៉ុន្តែបញ្ហាត្រង់ថា OpenAI (ម្ចាស់ ChatGPT) បែរជាដាក់ចេញកម្មវិធីនេះក្នុងល្បឿនយឺតបំផុត ដែលធ្វើឱ្យពួកគេមិនអាចចាយលុយបានអស់តាមផែនការ និងមិនទទួលបានទិន្នន័យច្បាស់លាស់ពីប្រសិទ្ធភាពនៃពាណិជ្ជកម្មទាំងនោះមុនដាច់ខែមីនា។
ដើម្បីឆ្លើយតបនឹងការរអ៊ូរទាំនេះ OpenAI បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចង់ឱ្យពាណិជ្ជកម្មរំខានដល់អារម្មណ៍អ្នកប្រើប្រាស់ឡើយ៖ «យើងស្ថិតក្នុងដំណាក់កាលសាកល្បងដំបូង... គោលដៅរបស់យើងគឺរៀនសូត្រ និងកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ឱ្យល្អបំផុត មុននឹងបើកឱ្យប្រើប្រាស់ទូលំទូលាយ»។
គួរជម្រាបថា បើទោះបីជាដើរយឺតមែន ប៉ុន្តែអ្នកវិភាគជឿជាក់ថា នេះគឺជា «អណ្តូងប្រេងថ្មី» នៃវិស័យបច្ចេកវិទ្យា ដោយគេរំពឹងថា OpenAI អាចនឹងរកចំណូលពីពាណិជ្ជកម្មបានដល់ទៅ ៣០ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០។ ខណៈដែលគូប្រជែងដូចជា Anthropic ប្រកាសមិនដាក់ពាណិជ្ជកម្មទាល់តែសោះដើម្បីទាក់ទាញចិត្តអ្នកប្រើប្រាស់ គេនៅតែរង់ចាំមើលថា តើការដើរយឺតៗដោយប្រយ័ត្នប្រយែងរបស់ OpenAI នឹងក្លាយជាឱកាសមាសសម្រាប់ម្ចាស់ទីផ្សារចាស់ដូចជា Google ក្នុងការវាយបកយកប្រៀបវិញដែរឬទេ?












