Xpeng ប្រកាសថា មានការខាតបង់ហិរញ្ញវត្ថុធ្លាក់ចុះ 80.3% ក្នុងឆ្នាំ 2025 ដែលបណ្តាលមកពីការបញ្ឈប់ការឧបត្ថម្ភធន
21-03-2026 11:33
(ភ្នំពេញ)៖ ក្រុមហ៊ុន Xpeng បានប្រកាសជាផ្លូវការថា ទទួលបានការខាតបង់ហិរញ្ញវត្ថុដោយមានការធ្លាក់ចុះ 80.3% ក្នុងឆ្នាំ 2025 បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។ ក្នុងពេលជាមួយគ្នានេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង 87.7% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែកំណើនលក់ដ៏រឹងមាំ ជុំវិញការលក់ចេញរថយន្តអគ្គីសនី។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតរថយន្តថាមពលអគ្គីសនីថ្មី Xpeng ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ប្រទេសចិន បានចេញផ្សាយរបាយការណ៍សង្ខេបថា ក្រុមហ៊ុនបានចែកចាយរថយន្តចំនួន 429,445 គ្រឿងនៅទូទាំងពិភពលោក ជាការកើនឡើង 125.9% បើធៀបនឹងទិន្ន័យឆ្នាំមុន។
ជាមួយគ្នានោះ បើយោងតាម China EV DataTracker បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តប្រភេទ NEV នេះ បានលក់ចេញរថយន្តចំនួន 383,873 គ្រឿងនៅក្នុងស្រុក ដែលមានការកើនឡើង 119.4%។ ហើយប្រាក់ចំណូលសរុបរបស់ Xpeng បានកើនឡើង 87.7% ដោយឈានដល់ 76.72ពាន់លានយន់ ប្រហែលនឹង (11.12 ពាន់លានដុល្លារអាមេរិក)។
ប្រាក់ចំណូលពីការលក់រថយន្តមានចំនួន 68.38 ពាន់លានយន់ (9.91 ពាន់លានដុល្លារអាមេរិក) គឺជាតួរលេខនៃការកើនឡើង 90.8% បើប្រៀបធៀបទៅនឹងឆ្នាំ2024 ក្នុងពេលជាមួយគ្នានេះ អត្រាប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនបានឈានដល់ 18.9% បើប្រៀបធៀបទៅនឹងស្ថិត 14.3% ក្នុងឆ្នាំ2024 ផងដែរ ។
ជាពិសេស ការខាតបង់សុទ្ធរបស់ក្រុមហ៊ុន Xpeng បានធ្លាក់ចុះ 80.3% មកនៅត្រឹម 1.14 ពាន់លានយ័ន (170 លានដុល្លារអាមេរិក)។ ការខាតបង់សុទ្ធរបស់ក្រុមហ៊ុនមានចំនួន 5.79 ពាន់លានយ័ន (840 លានដុល្លារអាមេរិក) ក្នុងឆ្នាំ 2024។ ការខាតបង់សុទ្ធមិនមែន GAAP មានចំនួនត្រឹមតែ 460 លានយ័ន (66.6 លានដុល្លារអាមេរិក) ប៉ុណ្ណោះ។ ចំនួននេះមិនរាប់បញ្ចូលការចំណាយលើសំណងដែលមានក្នុងកិច្ចសន្យាលើភាគហ៊ុន និងការខាតបង់តម្លៃសមរម្យនោះទេ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន Xpeng ទទួលបានប្រាក់ចំណេញសុទ្ធលើកដំបូងមិនធ្លាប់មាននៅក្នុងត្រីមាសទី4 ឆ្នាំ 2025 ដោយឈានដល់ 380 លានយ័ន (55 លានដុល្លារអាមេរិក) ដែលជាការផ្លាស់ប្តូរពីការខាតបង់សុទ្ធចំនួន 1.33 ពាន់លានយ័ន (190 លានដុល្លារអាមេរិក) បើធៀបតួរលេខដូចគ្នាកាលឆ្នាំ2024។
ការរីកចម្រើនរបស់ក្រុមហ៊ុន គឺបន្ទាប់ពីបានផ្សារភ្ជាប់ទៅនឹងការដាក់ឱ្យដំណើរការរថយន្តថ្មីៗ រួមទាំងរថយន្តម៉ូឌែល Xpeng X9 ដែលជាប្រភេទអគ្គីសនី រថយន្ត Xpeng P7 sedan ថ្មី និងរថយន្ត Xpeng G7 crossover។ ហើយក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏មានម៉ូឌែលកម្រិតខ្ពស់ផ្សេងទៀតផងដែររួមជាមួយម៉ូឌែល Mona M03 និង P7+ ជាមួយការសហការផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយក្រុមហ៊ុនរថយន្ត
Volkswagen ផងដែរ។
ទោះបីជាទទួលបានលទ្ធផលហិរញ្ញវត្ថុវិជ្ជមាននៅឆ្នាំ២០២៥ ក៏ដោយ ក៏ទិន្នន័យរបស់ China EV DataTracker បង្ហាញថា ក្រុមហ៊ុន Xpeng បានចែកចាយរថយន្តចំនួន ២៨,៤១៥គ្រឿងហើយ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលមានធ្លាក់ចុះ ៤៩.៥% បើធៀបនឹងឆ្នាំ២០២៥។
ការធ្លាក់ចុះនេះ មានទំនាក់ទំនងជាមួយនឹងការធ្លាក់ចុះជារួម ដែលបណ្តាលមកពីការបញ្ឈប់ការឧបត្ថម្ភធន គឺជាជំនួយហិរញ្ញវត្ថុ ឬការគាំទ្រផ្នែកសេដ្ឋកិច្ចដែលរដ្ឋាភិបាល សម្រាប់ក្រុមហ៊ុនផលិតរថយន្តថាមពលថ្មីនៅក្នុងប្រទេសចិន។ ខណៈនៅឆ្នាំ២០២៦នេះ ក្រុមហ៊ុន Xpeng នឹងចេញលក់ម៉ូឌែលមួយចំនួនទៀត ដោយមានប្រភេទរថយន្ត SUV ទំហំធំ ដែលមានឈ្មោះថា Xpeng GX ដែលម៉ូឌែលនេះទើបតែចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅក្នុងប្រទេសចិន ៕




