ខ្មែរជួយខ្មែរ! ក្រុមហ៊ុនកូនខ្មែរ នាំចូលទឹកដោះគោ សូណេឆើរ៉ាល់ បានឧបត្ថម្ភថវិកា ២០,០០០,០០០រៀល ដល់កុមារា ដែលរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ ថ្មីៗនេះ

21-03-2026 11:53

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន និយម ត្រេឌីង ឯ.ក (Niyum Trading Co.,Ltd.) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខម៉ាកទឹកដោះគោស្រស់អូស្ត្រាលីដ៏ល្បីល្បាញ សូណេឆើរ៉ាល់ (So Natural) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានចុះទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសួរសុខទុក្ខកុមារាដែលបានរងរបួសធ្ងន់ធ្ងរ ដោយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ដម៉ាក FORTHING នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។

ដោយប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការកសាងទំនាក់ទំនងដ៏រឹងមាំជាមួយសហគមន៍កម្ពុជា ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក (Niyum Trading Co.,Ltd.) ជឿជាក់ថាការយកចិត្តទុកដាក់ គឺលើសពីការផ្តល់ជូននូវផលិតផល ដែលមានគុណភាពខ្ពស់ ពោលគឺការនៅក្បែរប្រជាជនក្នុងគ្រាដែលពួកគេត្រូវការបំផុត។

ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យគន្ធបុប្ផានេះ អគ្គនាយករបស់ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក (Niyum Trading Co.,Ltd.) លោក ស៊ុន ហួត បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់កុមារារងគ្រោះនោះ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្មារតីជួយគ្នាក្នុងគ្រាអាសន្ន។ ដើម្បីចូលរួមចំណែកក្នុងការសម្រាលបន្ទុកគ្រួសារ និងជួយដល់ការព្យាបាល បានឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០ រៀល តាមរយៈតំណាងក្រុមហ៊ុនជូនទៅដល់គ្រួសារប្អូនប្រុសផ្ទាល់។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សូណេឆើរ៉ាល់ (So Natural) ក្នុងការលើកកម្ពស់សុខភាព ក្តីមេត្តា និងសាមគ្គីភាពក្នុងសង្គមកម្ពុជា។ ម៉ាកសញ្ញានេះនៅតែបន្តផ្តល់អាទិភាពដល់សុខុមាលភាពគ្រួសារ ជាពិសេសកុមារ និងមាតា តាមរយៈការផ្តល់នូវផលិតផលដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា សូណេឆើរ៉ាល់ (So Natural) គឺជាម៉ាកទឹកដោះគោស្រស់អូស្ត្រាលី ដែលនាំចូលផ្តាច់មុខ ដោយជនជាតិខ្មែរ ដែលផ្តោតលើការផ្តល់នូវផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ ជាមួយនឹងជំនឿយ៉ាងមុតមាំក្នុងការលើកកម្ពស់សុខភាពក្នុងគ្រួសារនៅប្រទេសកម្ពុជា៕