ជោគជ័យ ៨ឆ្នាំ! Morea ក្រុមហ៊ុនបង្កើតដោយកូនខ្មែរ បង្កើតរោងចក្រថែរក្សាសម្រស់ រួមចំណែកកាត់បន្ថយការប្រើប្រាស់ផលិតផលអ្នកជិតខាង (Video inside)
21-03-2026 15:44
(ភ្នំពេញ)៖ ក្រោយជោគជ័យយ៉ាងត្រចះត្រចង់នៅកម្ពុជា ក្នុងរយៈពេល ៨ឆ្នាំនេះ ម៉ូរៀ (Morea) ដែលជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ បានសម្រេចបង្កើតរោងចក្រថែរក្សាសម្រស់ នៅដើមឆ្នាំ២០២៦នេះ ក្នុងគោលដៅជួយឲ្យខ្មែរមានផលិតផលខ្មែរ និងរួមចំណែកកាត់បន្ថយការប្រើប្រាស់ផលិតផលអ្នកជិតខាង។ រោងចក្រកូនខ្មែរមួយនេះ ក៏បានបានផ្ដល់ឱកាសការងាររាប់រយដល់អ្នកនៅក្នុងស្រុក។
នេះជាការបញ្ជាក់របស់ឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រុមហ៊ុន ម៉ូរៀ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរខួប ៨ឆ្នាំនៃការរីកចម្រើន ជោគជ័យ និងការអភិវឌ្ឍ នៅសណ្ឋាគារ Sun & Moon ។
ក្នុងបទសម្ភាសជាមួយ Fresh News ឧកញ៉ា សឹង ចាតវិជ្ជា បានស្នើឲ្យប្រជាពលរដ្ឋខ្មែរ បន្តពហិការផលិតផលថៃ ដើម្បីកាត់បន្ថយសេដ្ឋកិច្ចថៃ ជំរុញឲ្យប្រើប្រាស់ទំនិញខ្មែរ ខណៈការធ្វើពហិការនេះ ជាយុទ្ធសាស្ត្រយូរអង្វែង ដែលអាចកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។ ព្រោះតែចង់ឲ្យមានផលិតផលខ្មែរ ទើបលោកឧកញ៉ា ខិតខំជម្នះដើម្បីបង្កើតរោងចក្រដោយខ្លួនឯងបែបនេះ។
បើតាមឧកញ៉ា សឹង ចាតវិជ្ជា ក្នុងនាមជាសហគ្រិនវ័យក្មេងកម្ពុជាមួយរូប ទោះប្រជាពលរដ្ឋគាំទ្រផលិតផលក្រុមហ៊ុនណាក៏ដោយ ឲ្យតែជាផលិតផលខ្មែរ ក៏លោកសប្បាយចិត្តដែរ។
ម៉ូរៀ ត្រូវបានបង្កើតឡើង នៅក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩ ដែលជាពេលបិទខ្ទប់ គឺធ្វើតែពីរនាក់ប្តីប្រពន្ធនៅក្នុងបន្ទប់ដ៏តូច ៤ម៉ែត្រគុណនឹង ៤ម៉ែត្រ និងមានបុគ្គលិកតែ ៤ប៉ុណ្ណោះ។ នេះបើតាមឧកញ៉ា សឹង ចាតវិជ្ជា។ មកដល់ឆ្នាំ២០២៦ ម៉ូរៀ មានបុគ្គលិក ៣០០នាក់ ទូទាំងប្រទេស ហើយឆ្នាំនេះបានបើករោងចក្រ ដែលមានបុគ្គលិករាប់រយនាក់។
បើតាមឧកញ៉ា សឹង ចាតវិជ្ជា ក្រុមហ៊ុន ម៉ូរៀ មានទស្សនៈវិស័យបង្កើតផលិតផល ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់ ក្នុងតម្លៃសមរម្យ ដើម្បីពង្រីកវិសាលភាពទៅដល់អ្នកប្រើប្រាស់គ្រប់កម្រិត។
ឧកញ៉ា សឹង ចាតវិជ្ជា ក៏បានបញ្ជាក់ទៀតថា ក្រោយពីភាពជោគជ័យ ក្នុងរយៈពេល ៨ឆ្នាំនេះ ក្រុមហ៊ុន ម៉ូរៀ ចង់ពង្រីកវិសាលភាពធំមួយ គឺបង្កើតរោងចក្រផលិតផលិតផលថែរក្សាសម្រស់ដោយខ្លួនឯង ជាពិសេសចង់ឃើញប្រជាជនខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជំនួសផលិតផលថៃ។ ការបង្កើតរោងចក្រនេះ មិនត្រឹមតែជួយឲ្យខ្មែរមានឯករាជ្យខាងផលិតផលថែរក្សាសម្រស់ទេ តែក៏ជួយយកវត្ថុធាតុដើមក្នុងស្រុក សម្រាប់ផលិតដែរ ដូចជាអង្ករ និងម្រុំទៀតផង។
គួរជម្រាបដែរថា ក្នុងឱកាសអបអរសាទរខួប ៨ឆ្នាំនេះ ម៉ូរៀ ក៏បានប្រកាសទូតសុឆន្ទៈផងដែរ រួមមាន៖ តារាចម្រៀង លោក ហ្សូណូ, បវរកញ្ញាឯកចក្រវាឡ ២០២៥ កញ្ញា ហ្វីយ៉ាតា និងអ្នកបង្កើតមាតិកាល្បី លោក Rich Kh ខណៈលោកស្រី ឱក សុគន្ធកញ្ញា ជាទូតសុច្ឆន្ទៈផលិតផល Morea Prestige ៕





















