ប៊ែលធី គ្រុប បានសម្រេចដាក់ចេញ ទិសដៅអនុវត្ត ១២ចំណុច សម្រាប់អនុវត្តឆ្នាំ២០២៦
22-03-2026 08:57
(ភ្នំពេញ)៖ នៅក្នុងឱកាសសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៦ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី ប៊ែលធី គ្រុប បានសម្រេចដាក់ចេញទិសដៅអនុវត្ត ចំនួន១២ចំណុច ។
ទិសដៅការងារ សម្រាប់ឆ្នាំ២០២៦នេះ ប៊ែលធី គ្រុប បានដាក់ចេញទិសដៅអនុវត្ត ១២ចំណុច រួមមាន ៖
១-ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ឱ្យបានកាន់តែល្អប្រសើរ និងកែសម្រួលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
២-បន្តអនុវត្ត E-BELTEI GROUP (ប៊ែលធី គ្រុប អេឡិចត្រូនិច) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង E-School (SMS), E-University (UMS) និង Mobile Apps (BELTEI IS App, BELTEI IU App និង BELTEI E-Learning Cambodia)
៣-គ្រោងដាក់ឱ្យដំណើរការកម្មវិធី Mobile App ថ្មី “BELTEI E-Learning Cambodia” ដែលជាការសិក្សាបែបឌីជីថល សម្រាប់សិស្ស-និស្សិតទូទៅ អ្នកសិក្សាជាតិ-អន្តរជាតិ ជាពិសេសប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស អាចរៀនគ្រប់ពេលវេលា គ្រប់ទីកន្លែង
៤-អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំនៅគ្រប់កម្រិត-ថ្នាក់ទាំងសាលា និងសាកលវិទ្យាល័យ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
៥-ពង្រឹងការគោរពវិន័យរបស់សិស្ស-និស្សិត ជាពិសេសអវត្តមាន ព្រមទាំងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា និងអ្នកអាណាព្យាបាល
៦-ប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅ៖ សិស្សថ្នាក់ទី១២ ដើម្បីធ្វើយ៉ាងណាឱ្យប្រឡងជាប់បាក់ឌុបពី ៩៥% ឡើងទៅ, សិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ពី ៩០% ឡើងទៅ និងសិស្សភាសាចិនទូទៅ ត្រូវបានពិន្ទុតេស្ត HSK ១៨០ពិន្ទុឡើង ពី ៩០% ឡើងទៅ
៧-បន្តកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នជាតិ-អន្តរជាតិលើ កិច្ចការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ការចុះហ្វឹកហាត់ការងារ (Practical Training) ជាពិសេសឱកាសការងារសម្រាប់និស្សិតសាកលវិទ្យាល័យ
៨-បើកវគ្គបំប៉ន (On the Job Training) ផ្នែកគរុកោសល្យ ជូនសាស្ត្រាចារ្យ-លោកគ្រូ-អ្នកគ្រូ ដើម្បពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ
គ្រូបង្រៀន ព្រមទាំងបើកវគ្គបំប៉នជំនាញតាមផ្នែកនីមួយៗ ឱ្យកាន់តែមានជំនាញច្បាស់លាស់ (Train to be professional)
៩-ពង្រឹងគុណភាពបណ្តុះបណ្តាលភាសាចិននៅគ្រប់កម្រិត-ថ្នាក់ ទាំងផ្នែកមហាវិទ្យាល័យចិន កម្មវិធីភាសាចិនទូទៅ និងកម្មវិធី២ភាសា - អង់គ្លេស-ចិន (ECSL) ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
១០-ខិតខំបញ្ចប់ការសាងសង់អគារសាកលវិទ្យាល័យទី៣-ទួលពង្រ, អគារស្នាក់នៅនិស្សិត, មជ្ឈមណ្ឌលកីឡា, អគារស្រាវជ្រាវនិងបោះពុម្ព (BELTEI University Press) ព្រមទាំងពង្រឹងផ្នែកនិពន្ធ និងផ្នែកបោះពុម្ព ឱ្យដំណើរការកាន់ល្អប្រសើរបន្ថែមទៀត
១១-ការិយាល័យ MONASH – BELTEI IU Cambodia នឹងបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) ចូលរៀននៅខែតុលា ឆ្នាំ២០២៦ ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី
១២-ពង្រឹងផ្នែកអ្នកលក់នៅតាមសាខា ដោយត្រូវគោរពបទបញ្ជាផ្ទៃក្នុង មានភាពស្មោះត្រង់ (មិនលក់ទំនិញហាមឃាត-ទំនិញខូចគុណភាព) មានអនាម័យខ្ពស់ និងជំរុញការលក់ផលិតផលខ្មែរ (Made in Cambodia) ៕































