ស្រ្តីជប៉ុន ឈ្នះជើងឯកទ្វីបអាស៊ីលើកទី៣ ក្រោយផ្តួលម្ចាស់ផ្ទះអូស្រ្តាលី នៅចំពោះមុខអ្នកគាំទ្របំបែកកំណត់ត្រា

22-03-2026 10:42

(ស៊ីដនី)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីជប៉ុន បានក្លាយជាជើងឯក AFC Women’s Asian Cup 2026 និងជាលើកទី៣ របស់ក្រុមសាម៉ូរៃខៀវមួយនេះផងដែរ ក្រោយឈ្នះម្ចាស់ផ្ទះស្រ្តីអូស្រ្តាលី ១ទល់នឹង០ នៅចំពោះមុខអ្នកទស្សនាច្រើនបំផុតមិនធ្លាប់មាន។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ជប៉ុនបានវិលមកគ្រងតំណែងជើងឯក ៤ឆ្នាំម្តងប្រចាំតំបន់អាស៊ីជាថ្មីទៀត ក្រោយជ័យជម្នះទៅលើម្ចាស់ផ្ទះកង់ហ្គូរូអូស្រ្តាលី នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅទីក្រុង Sydney ដោយមានអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋានមានដល់ទៅ ៧៤,៣៩៧នាក់ច្រើនកុះករមិនធ្លាប់មានពីមុនមកឡើយ។

កីឡាការិនី Maika Hamano ដែលត្រូវជ្រើសចេញពីក្លិប Tottenham Hotspur លេងនៅ Women’s Super League ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី១៧ ដើម្បីជួយជប៉ុនវិលមកគ្រងជើងឯក Asian Cup ម្តងទៀត ក្រោយឈ្នះកាលពីឆ្នាំ២០១៤ និងចុងក្រោយឆ្នាំ២០១៨។

ទោះជាយ៉ាង តាមរយៈលទ្ធផលនេះ វាក៏បានផ្តល់ការខកចិត្តដល់អ្នកគាំទ្រខាងម្ចាស់ផ្ទះអូស្រ្តាលី និងបន្តរង់ចាំពានប្រចាំតំបន់នេះទៀត គិតចាប់តាំងពីឈ្នះចុងក្រោយនាឆ្នាំ២០១០។ ពួកគេក៏ទទួលបានកៅអីមួយ ជាមួយស្រ្តីចិន ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង និងហ្វីលីពីន ក្នុងចំណោម ៦ក្រុមលេងតំណាងទ្វីបអាស៊ីនៃព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក FIFA Women’s World Cup 2027 នៅប្រទេសប្រេស៊ីល៕