ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងព្រះសីហនុ លើកទី១១ បំបែកកំណត់ត្រាអ្នកចូលរួមជាង ១ម៉ឺននាក់

22-03-2026 11:30

(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ បានបំបែកឯកគ្គទកម្មចូលរួមលើសពី ១ម៉ឺននាក់លើកដំបូង ក្នុងការរៀបចំនៅតំបន់ឆ្នេរដ៏ស្រស់ស្អាត នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ដែលរៀបចំឡើងក្រោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានកិច្ចសហការដ៏ល្អពីរដ្ឋបាលខេត្តព្រះសីហនុ បានប្រព្រឹត្តទៅជោគជ័យ។

លោកថា ឆ្នាំនេះដោយមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសខេត្តម្ចាស់ផ្ទះបានជំរុញឲ្យមានអ្នកចូលរួមច្រើនរហូតប្រមាណ ១៥,០០០នាក់ មកពី ៤១ប្រទេស។ នេះគឺជាតួរលេខមិនធ្លាប់មិន និងបានបំបែកឯកគ្គទកម្មចំនួនអ្នករត់ ក្នុងប្រវត្តិរៀបចំ ១០លើកកន្លងមក ជាមួយការកែសម្រួលតម្រាយផ្លូវតាមបណ្ដោយឆ្នេរស្ទើរទាំងអស់ ដែលធ្វើឲ្យអ្នកចូលរួមទទួលបាននូវបទពិសោធន៍ថ្មី និងស្នាមញញឹមក្នុងការចូលរួម។

ទន្ទឹមជាមួយភាពជោគជ័យនេះ ក្នុងនាមគណៈកម្មការរៀបចំលោក វ៉ាត់ ចំរើន សង្ឃឹមថា ឆ្នាំក្រោយៗព្រឹត្តិការណ៍នេះ នឹងទាក់ទាញការចូលរួមកាន់តែច្រើន ពិសេសអត្តពលិកបរទេស ក្នុងការមកទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការរត់ពាក់កណ្ដាលម៉ារ៉ាតុងតាមឆ្នេរសមាជិកក្លិបឆ្នេរស្អាតជាងគេ និងវែងជាងគេនេះ។ មិនតែប៉ុណ្ណោះ NOCC ក៏នឹងពិចារណាពង្រីកព្រឹត្តិការណ៍នេះ ទៅជាទិវារត់ប្រណាំងម៉ារ៉ាតុង ឬការត់ចម្ងាយរហូត ៤២គីឡូម៉ែទ្រនាថ្ងៃអនាគតទៀតផង។

គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ គឺរត់ដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថានតំបន់ឆ្នេរ ក្នុងនាមសមាជិកក្លិបឆ្នេរស្អាតជាងគេលើពិភពលោក ក៏ដូចជាការការភ្ជាប់ទៅនឹងសកម្មភាពសប្បុរសធម៌ តាមរយៈការកៀគរថវិកាបានពីការរៀបចំ បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ និងអង្គការដៃគូមួយចំនួន និងជាការបំផុសចលនាប្រជាពលរដ្ឋរស់នៅបែបសកម្ម ជាមួយទម្លាប់លេងកីឡា ដើម្បីលើកកម្ពស់សុខភាពសាធារណៈជាដើម។

សម្រាប់វិញ្ញាសារត់ គឺមានចំនួន ៤ រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូម៉ែត្រ ដែលចេញដំណើរ និងបញ្ចប់វិញនៅតំបន់ឆ្នេរអូឈើទាល៕