ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងអំណរគុណថ្នាក់ដឹកនាំអាជ្ញាធរកីឡា សហព័ន្ធជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ដែលផ្ញើសារអបអរសាទរ ក្នុងឱកាសបន្ដជាប់ឆ្នោតជាប្រធាន NOCC អាណត្តិទី៩

23-03-2026 09:20

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំអាជ្ញាធរកីឡា សហព័ន្ធកីឡាជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្ញើសារអបអរសាទរ ក្នុងឱកាសដែលឯកឧត្តមត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្របន្តធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អាណត្តិទី៩ (ឆ្នាំ២០២៦-២០៣០)។

សម្រាប់សារថ្លែងអំណរពីប្រមុខចលនាអូឡាំពិកកម្ពុជានេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី បានថ្លែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសារអបអរសាទរយ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំអាជ្ញាធរកីឡា សហព័ន្ធកីឡាជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងឱកាសឯកឧត្តមបន្ដជាប់ជាប្រធាន NOCC អាណត្តិថ្មី ដែលជាការជំរុញ និងផ្ដល់នូវកម្លាំងចិត្តដ៏មានសារៈសំខាន់ សម្រាប់បន្ដបេសកកម្មអភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ។

បន្ថែមលើសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ដែលបានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់គ្រួសារចលនាអូឡាំពិក ដែលធ្វើឲ្យកិត្យានុភាពកីឡាជាតិ លេចត្រដែតលើឆាកអន្ដរជាតិ ពិសេសមហាជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមបន្ដថា ការកោតសើរ រួមជាមួយការផ្ញើសារអបអរសាទរនេះ បង្ហាញពីស្មារតីសាមគ្គីភាពរបស់សសរស្ដម្ភទាំង ៣ (ក្រសួងអប់រំ យុវជន និងកីឡា, NOCC និងសហព័ន្ធកីឡាជាតិ)។ ក្នុងនាមចលនាអូឡាំពិក ឯកឧត្តមប្ដេជ្ញានឹងខិតខំប្រឹងប្រែង ដឹកនាំ និងអភិវឌ្ឍ ពិសេសបន្ដនូវកិច្ចសហការល្អ និងកាន់តែស្អិតរមួតបន្ថែមទៀត ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឲ្យចលនាអូឡាំពិក និងវិស័យកីឡាជាតិ ឆ្ពោះទៅរកកាលានុវត្តភាព ឧត្តមភាព និងសមិទ្ធផលថ្មីៗបន្ថែមទៀត ពីការបណ្ដុះបណ្ដាល និងការប្រកួតប្រជែង ទាំងក្នុង និងក្រៅប្រទេស។

គួរដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៨ បន្ដអាណត្តិទី៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅ ប្រកបដោយតម្លាភាព ភាពត្រឹមត្រូវ និងប្រជាធិបតេយ្យ យុត្តិធម៌ ខណៈអង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រឯកឧត្តមបណ្ឌិត ថោង ខុន បន្ដជាប្រធាន អាណត្តិថ្មី រួមជាមួយសមាជិកគណៈកម្មការប្រតិបត្តិសរុប ១៣រូប។

សម្រាប់អាណត្តិថ្មីនេះដែរ NOCC បានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាច្រើន ក្នុងមានបេសកកម្មធំៗមួយចំនួន រួមមានដំណើរឆ្ពោះទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles រដ្ឋ California នៅសហរដ្ឋអាមេរិក ក៏ដូចជាកីឡាអូឡាំពិក ឆ្នាំ២០៣២ នៅអូស្ដ្រាលី ព្រមទាំងការត្រៀមចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ នៅអ៊ូសបេគីស្ថាន និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ នៅកម្ពុជា មុនដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០៣១ នៅកម្ពុជាផងដែរ៕