សមរភូមិ AI ចិនកាន់តែក្តៅ! WeChat បើកផ្លូវឱ្យ AI Agent «OpenClaw» ចូលបម្រើការងារឱ្យអ្នកប្រើប្រាស់

23-03-2026 09:59

(បរទេស)៖ ក្រុមហ៊ុន Tencent បានដាក់ឱ្យដំណើរការឧបករណ៍ថ្មីមួយនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីភ្ជាប់បណ្តាញផ្ញើសារ WeChat របស់ខ្លួនជាមួយភ្នាក់ងារ AI ដែលមានឈ្មោះថា «OpenClaw»។ នេះគឺជាជំហានមួយក្នុងការបង្កើនការជំរុញទៅលើបច្ចេកវិទ្យា AI agents (ភ្នាក់ងារបញ្ញាសិប្បនិម្មិត) ដែលកំពុងក្លាយជាសមរភូមិដ៏សំខាន់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះមានឈ្មោះថា «ClawBot» ដែលនឹងបង្ហាញខ្លួនជា «Contact» (លេខទំនាក់ទំនង) នៅក្នុង WeChat។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីដ៏ពេញនិយមបំផុតរបស់ចិនមួយនេះ (ដែលមានអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់ក្នុងមួយខែ) អាចភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយ OpenClaw។ អ្នកប្រើប្រាស់អាចផ្ញើ និងទទួលបញ្ជាផ្សេងៗដើម្បីធ្វើអន្តរកម្មជាមួយភ្នាក់ងារ AI តាមរយៈចំណុចប្រទាក់សារ (messaging interface)។ ការធ្វើសមាហរណកម្មនេះកើតឡើងបន្ទាប់ពី OpenClaw ដែលជាភ្នាក់ងារ AI បើកចំហ (open-source) អាចបំពេញការងារដូចជាការបញ្ជូនឯកសារ និងការផ្ញើអ៊ីមែលជំនួសមុខឱ្យអ្នកប្រើប្រាស់ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ខណៈពេលដែលអាជ្ញាធរមានការព្រមានអំពីហានិភ័យសុវត្ថិភាព អ្នកប្រើប្រាស់ជាច្រើនបានសម្រុកទៅដំឡើង និងសាកល្បងផលិតផល AI ទាំងនេះ ដែលជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាស្វែងរកឱកាសអាជីវកម្មថ្មីៗ ក្នុងនោះក្រុមហ៊ុន Tencent ក្រៅពីការភ្ជាប់ជាមួយ OpenClaw ក្រុមហ៊ុនក៏បានបញ្ចេញកញ្ចប់ AI agent ផ្ទាល់ខ្លួនដែលមានឈ្មោះថា QClaw (សម្រាប់អ្នកប្រើប្រាស់ទូទៅ), Lighthouse (សម្រាប់អ្នកអភិវឌ្ឍន៍) និង WorkBuddy (សម្រាប់សហគ្រាស)។ ងាមក Alibaba កាលពីសប្តាហ៍មុន បានដាក់ឱ្យដំណើរការ Wukong ដែលជាផ្លាតហ្វម AI សម្រាប់សហគ្រាស។ វាអាចសម្របសម្រួលភ្នាក់ងារ AI ជាច្រើនដើម្បីចាត់ចែងការងារស្មុគស្មាញ ដូចជាការកែសម្រួលឯកសារ និងការចម្លងខ្លឹមសារនៃកិច្ចប្រជុំ (transcription) ក្នុងចំណុចប្រទាក់តែមួយ។ ចំណែកឯ Baidu បានដើរតាមយ៉ាងរហ័សដោយបញ្ចេញស៊េរីភ្នាក់ងារ AI ជាច្រើនដែលបង្កើតឡើងនៅលើ OpenClaw ដែលគ្របដណ្តប់ចាប់ពី កម្មវិធីកុំព្យូទ័រ, សេវាកម្មក្លោដ (cloud), ឧបករណ៍ចល័ត រហូតដល់ឧបករណ៍ផ្ទះឆ្លាតវៃ (smart-home devices)៕