គ្រឿងបន្លាស់ Apple ឡើងថ្លៃកប់ពពក ដោយសារវិបត្តិខ្សត់បន្ទះឈីប AI
23-03-2026 10:52
(បរទេស)៖ ក្រុមហ៊ុន Apple បានសម្រេចដំឡើងតម្លៃឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ (External Drive) នៅក្នុងហាងរបស់ខ្លួនយ៉ាងគំហុក ដែលនេះគឺជាសញ្ញាបង្ហាញពីឥទ្ធិពលនៃបច្ចេកវិទ្យា AI កំពុងយាយីដល់ទីផ្សារឧបករណ៍ប្រើប្រាស់ទូទៅ។ ការកើនឡើងនេះមិនមែនកើតឡើងតែលើតម្លៃនោះទេ សូម្បីតែទំនិញក្នុងស្តុកក៏កំពុងខ្សត់ខ្សោយខ្លាំង ដែលធ្វើឱ្យអ្នកប្រើប្រាស់ជួបការលំបាកក្នុងការស្វែងរកទិញផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ Apple Insider នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។
យោងតាមលោក Mark Gurman អ្នកយកព័ត៌មានដ៏ល្បីរបស់ Bloomberg បានឱ្យដឹងថា តម្លៃឧបករណ៍ SSD របស់ SanDisk ដែលលក់ក្នុងហាង Apple បានហក់ឡើងស្ទើរតែមិនគួរឱ្យជឿ។ លោកបានបញ្ជាក់ថា SSD ទំហំ 4TB បានឡើងថ្លៃពីប្រហែល ៥០០ដុល្លារ ទៅជិត ១,២០០ដុល្លារ ខណៈប្រភេទ 1TB ឡើងពី ១២០ដុល្លារ ដល់ជាង ៣៥០ដុល្លារ។ លោក Gurman បានសង្កត់ធ្ងន់ថា ទោះបីជា Apple ជាអ្នកលក់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនមានឥទ្ធិពលតិចតួចលើតម្លៃនេះណាស់ ព្រោះ «អ្នកផ្គត់ផ្គង់ (Vendors) ជាអ្នកកំណត់តម្លៃទំនិញ ដោយសារ Apple ត្រូវទិញផលិតផលពីពួកគេជាមុនសិន»។
មូលហេតុចម្បងនៃវិបត្តិនេះ គឺដោយសារការរីកចម្រើនយ៉ាងរហ័សនៃ AI ដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធអង្គចងចាំ (Memory) និងឧបករណ៍ផ្ទុកទិន្នន័យ (Storage) កម្រិតខ្ពស់យ៉ាងសន្ធឹកសន្ធាប់។ តម្រូវការដ៏ធំធេងនេះបានដណ្តើមយកបន្ទះឈីបពីទីផ្សារប្រើប្រាស់ទូទៅ ធ្វើឱ្យតម្លៃគ្រឿងបន្លាស់គ្រប់ប្រភេទ សូម្បីតែនៅលើគេហទំព័រ Amazon ក៏កំពុងឡើងថ្លៃ និងខ្សត់ស្តុកដូចគ្នាដែរ។
ទន្ទឹមនឹងនេះ អ្នកជំនាញយល់ថា បញ្ហានេះនឹងមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីឡើយ ដរាបណា «ចំណង់» របស់ AI ចំពោះបន្ទះឈីបនៅតែបន្តកើនឡើង។ អ្នកប្រើប្រាស់ប្រហែលជាត្រូវរង់ចាំក្នុងរយៈពេលយូរទៀត រហូតទាល់តែសមត្ថភាពផលិតបន្ទះឈីបអាចដើរទាន់តម្រូវការទីផ្សារ ទើបតម្លៃអាចត្រឡប់មកសភាពធម្មតាវិញ៕













