ព្រះខ័នរាជ សង្ឃឹមកាន់តែខ្ពស់ ខណៈភ្នំពេញក្រោន កាន់តែខើចឱកាស ប្រជែងជើងឯកលីគកំពូលកម្ពុជា

23-03-2026 11:08

(ភ្នំពេញ)៖ ស្ថានភាពការប្រកួតប្រជែងជើងឯកលីគកំពូលកម្ពុជា (CPL) រដូវកាលឆ្នាំ២០២៥/២៦ គិតត្រឹមសប្ដាហ៍ទី២៦ ព្រះខ័នរាជស្វាយរៀង កំពុងមានប្រៀបខ្លាំង ក្នុងដំណើរឆ្ពោះទៅការពារតំណែងជើងឯក ខណៈភ្នំពេញក្រោន កំពុងជួបស្ថានភាពលំបាក ក្រោយបន្ដចាញ់ ធ្វើឲ្យពួកគេមានឱកាសកាន់តែតិចទៅៗ។

សម្រាប់លទ្ធផលការប្រកួតជុំទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើម្ចាស់ផ្ទះបឹងកេត ០-០ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ជំនួបដ៏តានតឹងនេះក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាពេញម៉ោង តែមិនមានក្រុមណា អាចទម្លាយរបាំងការពារគ្នាស្វែងរកគ្រាប់បាល់ឡើយ។

រីឯភ្នំពេញក្រោនវិញ កំពុងជួបស្ថានភាពលំបាក ដ្បិតពេលលេងវគ្គ Top-6 មិនស្គាល់ជ័យជម្នះឡើយ ក្រោយបន្ដចាញ់ក្រុមណាហ្គាវើលដ៏ ១-០។ ជំនួបដ៏តានតឹងនៅកីឡដ្ឋានកំពង់ស្ពឺនេះ ក្រុមទាំងពីរបានរក្សាដល់ចុងម៉ោង ទើបមានគ្រាប់បាល់កើតឡើង ដោយកីឡាករ Weyderson នៅនាទី៩០។

តាមរយៈលទ្ធផលខាងលើ នាំឲ្យព្រះខ័នរាជស្វាយរៀង មានគម្លាតពិន្ទុកាន់តែដាច់ឆ្ងាយពីភ្នំពេញក្រោន ដោយនាំមុខរហូតដល់ ១២ពិន្ទុ គិតត្រឹមសប្ដាហ៍ទី២៦ ពោលគឺព្រះខ័នរាជស្វាយរៀង រកបាន ៥៩ពិន្ទុ ខណៈភ្នំពេញក្រោន រក្សា ៤៧ពិន្ទុ។ ការណ៍នេះព្រះខ័នរាជស្វាយរៀង មានសង្ឃឹមកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅគ្រងជើងឯកជាថ្មី ដ្បិតនៅសល់ ៦ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាលនេះជាស្ថាពរ។

ដោយឡែកចំណាត់ថ្នាក់បេក្ខភាព Top-6 ផ្សេងទៀត ក្រុមណាហ្គាបានរំកិលទៅឈរលេខ៣ មាន ៤២ពិន្ទុ តាមពីក្រោយដោយអង្គរថាយហ្គឺរ ឈរលេខ៤ មាន ៤១ពិន្ទុ និងបឹងកេត មាន ៤០ពិន្ទុ ឈរលេខ៥ គ្រាដែលក្រុម អឹមអូអាយ កំពង់ដេវ៉ា បន្ដឈរលេខ៦ និងរក្សា ៣៣ពិន្ទុដដែល៕